(បរទេស)៖ សៀវភៅកំណត់ហេតុអនុស្សាវរីរយ៍ របស់តារាចម្រៀងល្បី Britney Spear ដែលមានចំណងជើងថា «The Women In Me» លក់អស់ខ្ទង់ ១.១លានកូពី នៅសហរដ្ឋអាមេរិក បន្ទាប់ពីដាក់លក់ត្រឹមមួយសប្តាហ៍ ដំបូងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងសទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

តួលេខនៃការលក់រួមមាន ការបញ្ជាទិញជាមុន ការលក់ដោយសៀវភៅបោះពុម្ព, សៀវភៅអេឡិចត្រូនិច និងសៀវភៅជាសំឡេង។ សៀវភៅ «The Woman In Me» ចេញលក់នៅថ្ងៃទី២៤ ខែតុលា ត្រូវបានអ្នកគាំទ្រនាងសរសើរថា ជាសៀវភៅដ៏គួរឲ្យទាក់ទាញ និងធ្វើឲ្យប្រជាប្រិយភាពនាងកើនឡើង ខណៈសៀវភៅនេះនិយាយពីការតស៊ូ ដែលកំពុងបន្តរបស់នាង ជាពិសេសគឺរៀបរាប់ពីពេលវេលា ដែលនាងស្ថិតក្នុងការគ្រប់គ្រងរបស់ឪពុក អស់រយៈពេលជាច្រើនឆ្នាំ។

ងាកមកការបោះពុម្ពជាសំឡេង នៃសៀវភៅរបស់ Spears គឺមានការបញ្ចូលសំឡេង និងអានដោយម្ចាស់ពានរង្វាន់អូស្ការ តារាសម្តែងស្រី Michelle Williams។ ការអានសៀវភៅ «The Woman In Me» របស់ Williams ទទួលបានការសាទរយ៉ាងខ្លាំង ហើយយោងទៅតាម Gallery សៀវភៅដែលចេញជាសំឡេង គឺលក់បានលឿនបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ តែយ៉ាងណា អ្នកបោះពុម្ពផ្សាយ មិនបានប្រកាសភ្លាមៗ អំពីតួលេខលក់ជាក់លាក់នោះទេ៕