(បរទេស)៖ ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតរបស់ប្រទេសឥណ្ឌាកំពុងស៊ើបអង្កេតការត្អូញត្អែរអំពីការលួចចូលទូរស័ព្ទរបស់អ្នកនយោបាយប្រឆាំងជាន់ខ្ពស់ ដែលបានរាយការណ៍ថាបានទទួលសារគួរឱ្យសង្ស័យនៅលើទូរស័ព្ទ iPhone របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការស៊ើបអង្កេតនេះត្រូវបានចាប់ផ្តើមបន្ទាប់ពីមេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gandhi បានចោទប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi ថាបានព្យាយាមលួចចូលទូរស័ព្ទរបស់អ្នកនយោបាយប្រឆាំង។ ដោយក្នុងនោះសមាជិកសភាជាច្រើននាក់បានចែករំលែករូបថតអេក្រង់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃការជូនដំណឹងពីក្រុមហ៊ុន Apple ព្រមានពួកគេថា ពួកគេកំពុងត្រូវបានកំណត់គោលដៅដោយអ្នកវាយប្រហារដែលឧបត្ថម្ភដោយរដ្ឋ។

យ៉ាងណាមិញជុំវិញបញ្ហានេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ នៅមិនទាន់មានការឆ្លើយតបណាមួយពី Apple និងរដ្ឋាភិបាលឥណ្ឌានៅឡើយនោះទេ។ ខណៈដែលភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតឥណ្ឌា បានផ្ញើសេចក្តីជូនដំណឹងទៅ Apple ដោយស្នើឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានស្តីពីការលួចចូលដែលត្រូវបានចោទប្រកាន់ទាំងនេះ។

គួរជម្រាបដែរថា រដ្ឋាភិបាលឥណ្ឌាធ្លាប់មានប្រវត្តិប្រើប្រាស់ឧបករណ៍ឃ្លាំមើល និងការលួចចូលដើម្បីកំណត់គោលដៅអ្នករិះគន់របស់ខ្លួន។ ដោយឡែកកាលពីឆ្នាំ២០១៩ កន្លងទៅ WhatsApp បានបង្ហាញថាខ្លួនបានរកឃើញការវាយប្រហារ Spyware ដ៏ទំនើបមួយ ដែលសំដៅលើអ្នកកាសែត និងសកម្មជនឥណ្ឌា៕