(ភ្នំពេញ)៖​ ឆ្នាំ​ 2023 គឺជាឆ្នាំដ៏ពិសេសសម្រាប់យុទ្ធនាការលើកកម្ពស់ជំងឺមហារីកសុដន់ AIA Fit for Hope ដោយឆ្នាំនេះជាឆ្នាំទី៧ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ប្រារព្ធយុទ្ធនាការនេះឡើង ហើយក៏ជាឆ្នាំទី២ ដែលយុទ្ធនាការនេះត្រូវបានសហការ និងគាំទ្រដោយក្រសួងកិច្ចការនារី និងស្វាគមន៍សមិទ្ធផលថ្មីសន្លាង និងលើកដំបូងបង្អស់នៅកម្ពុជាគឺទិវារត់ប្រណាំង AIA Pink Run ក្រោមកិច្ចសហការរបស់គណកម្មាធិកាជាតិអូឡាំពិកកម្ពុជា។

ភាពជោគជ័យរបស់យុទ្ធនាការ AIA Fit For Hope 2023 ក៏បានមកពីកម្លាំងចលករដ៏សំខាន់របស់កំពូល តារាប្រុសស្រីល្បីៗនៅកម្ពុជាដូចជា៖ ពេជ្រវត្តី សារ៉ាវឌ្ឍី ហុក សារីតុលា លី ប៊ែរ ចន្ធី ដាឡែន អ៉ិន ម៉ូលីកា ចឹង លីណា ចិនចិន ឡាយ ប៊ុនឡេង សាន់ ពុធ ដេបូរ៉ា គង់ វិច្ឆិការ រចនា រ៉ាវ៉ាឌី ម៉ឺនឯក សុភារិទ្ធ ដួង ម៉ានិច ដែលពួកគាត់ បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតមាតិកាច្នៃប្រឌិតដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សាធារណជន អំពីជំងឺមហារីកសុដន់។

ជាលទ្ធផលសរុបយុទ្ធនាការ AIA Fit for Hope 2023 ឆ្នាំនេះបានផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកសុដន់ ដំណាក់កាលដំបូងដោយឥតគិតថ្លៃដល់ស្ត្រីរហូតដល់ជាង 3000នាក់ ដែលក្នុងចំណោមនោះបានរកឃើញ ករណីសង្ស័យចំនួនជាង 500នាក់។ រីឯទិវារត់ប្រណាំង AIA Pink Run វិញ ទទួលបានអ្នកចូលរួមជាតិ និងអន្តរជាតិដ៏ច្រើនលើស លប់នៅក្នុងឆ្នាំទី១ នេះសរុប ៣៦០១នាក់។

ទោះបីយុទ្ធនាការឆ្នាំនេះបញ្ចប់ទៅក្តី លោកអ្នក ជាពិសេសស្រ្តីក៏នៅតែអាចទទួលបានព័ត៌មានអប់រំជាច្រើន ទាក់ទង នឹងជំងឺមហារីកសុដន់តាមរយៈការចូលរួមជាមួយក្រុម (Facebook Group) ដែលមានឈ្មោះថា ការយល់ដឹង និងជំនួយលើមហារីកសុដន់ដោយ AIA​ និងគេហទំព័រ https://www.aia.com.kh/km/FitForHope

AIA Fit for Hope គឺជាយុទ្ធនាការប្រចាំឆ្នាំរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមាន សុខភាព និងជីវិតកាន់តែប្រសើរ។ យុទ្ធនាការនេះក៏ស្របទៅនឹងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បីជួយមនុស្សមួយពាន់លាននាក់ (1 .000.000.000នាក់) នៅអាស៊ីឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅឆ្នាំ២០៣០៕