(បរទេស)៖ នៅដើមខែវិច្ឆិកានេះ អ្នកគាំទ្រមិនតិចទេរបស់តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK មានការភ្ញាក់ផ្អើល បន្ទាប់ពីពួកគេមិនអាចចូលទៅកាន់គណនី Weibo របស់នាង ហើយក្រោយមកក៏រកឃើញថា ស្រាប់តែត្រូវបានលុបចោលទៅហើយ។ ស្របពេលជាមួយគ្នានេះ សូម្បីតែគណនី Weibo និង TikTok របស់តារាចិន Angelbaby ក៏ត្រូវបានលុបចោលដូចគ្នា។ ប្រការនេះ ត្រូវបានអ្នកគាំទ្រសង្ស័យថា ទំនងជាដោយសារតែតារាស្រីទាំងពីរខាងលើនេះ ចូលរួមកម្មវិធី «Crazy Horse» នៅទីក្រុងប៉ារីស ដែលមានការសម្តែងក្បាច់រាំសិចស៉ី និងស្រើបស្រាលជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

Weibo គឺជាបណ្តាញសង្គមដ៏ធំនិងពេញនិយមបំផុត ក្នុងប្រទេសចិន។ ទោះបីជាមិនមានការពន្យល់អ្វីបន្ថែមអំពីការលុបគណនីនេះ តែមានការបញ្ជាក់ខ្លះៗថា «គណនីនេះមិនអាចមើលបានទៀតទេ ដោយសារបានរកឃើញពីការបំពានច្បាប់ បទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងរបស់ Weibo»។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសន្និដ្ឋានថា វាទំនងជាដោយសារតែការចូលរួមរបស់ Lisa ក្នុងការសម្តែង នៅក្នុងកម្មវិធី «Crazy Horse» ដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីសនាពេលថ្មីៗនេះ។ កម្មវិធីនេះ ត្រូវបានគេដឹងថា មានការសម្តែងក្បាច់រាំដែលសិចស៉ីខ្លាំង និងបែបស្រើបស្រាលផងដែរ។

ប្រទេសចិនត្រូវបានគេដឹងថា បានចេញបទប្បញ្ញត្តិដ៏តឹងរ៉ឹង ជុំវិញប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។ សមាគមសិល្បៈសម្តែងចិន បានលើកឡើងថា ការផ្សព្វផ្សាយពីការសម្តែងមិនសមរម្យ និង បែបសិចស៉ីហួសហេតុ ត្រូវបានហាមឃាត់ជាដាច់ខាតនៅក្នុងប្រទេស។ ប្រការនេះបានធ្វើឱ្យមនុស្សជាច្រើន យល់ឃើញថា ការលុបគណនី Weibo របស់ Lisa អាចជាមកពីការសម្តែងរបស់នាងនៅឯកម្មវិធី «Crazy Horse» ។ ខណៈតារាសម្តែងចិនដ៏ល្បី Angelababy ក៏មិនត្រូវបានអនុញ្ញាតឱ្យបង្ហោះនៅលើ Weibo ទៀតទេ ហើយគណនី Douyin ( TikTok) របស់នាងក៏ត្រូវបានបិទផងដែរ ក្រោយពីនាងបានចូលរួមកម្មវិធីនេះ៕