(ម៉ាឌ្រីដ)៖ កីឡាករវ័យក្មេង Rodrygo បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លិបអេស្ប៉ាញ Real Madrid ដែលមានតម្លៃទិញផ្តាច់កិច្ចសន្យាកើនដល់ ១ពាន់លានដុល្លារ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo វ័យ ២២ឆ្នាំ បានបន្តកិច្ចសន្យាថ្មីជាមួយ Real ដល់ឆ្នាំ២០២៨។

Rodrygo បានមកចូលរួមជាមួយក្លិបលេងនៅ La Liga តាំងពីវ័យ ១៨ឆ្នាំ ដោយបានផ្ទេរចេញពីក្លិបក្នុងស្រុក Santos ដ្បិតដល់បច្ចុប្បន្ននេះ រូបគេស៊ុតបាន ៣៩គ្រាប់ហើយ ពីការចូលលេងបាន ១៧៩ប្រកួត និងនៅជម្រើសជាតិសាំបាប្រេស៊ីលវិញ រូបគេបានចូលលេងចំនួន ១៨ប្រកួតផងដែរ។

នៅចាំបានថា Rodrygo ស៊ុតបញ្ចូលទី ២គ្រាប់ទល់នឹង Osasuna នាខែឧសភា ឆ្នាំ២០២៣ ដើម្បីជួយក្លិបអធិរាជស Real Madrid ដណ្តើមបានជើងឯក Copa del Rey ក្រោយខកខានតាំងពីឆ្នាំ២០១៤ មក៕