(ប៉ារីស)៖ ខ្សែការពារ Mamadou Sakho បានចាកចេញពីក្លិបបារាំង Montpellier ជាផ្លូវការហើយ ក្រោយប៉ះពារសំដីគ្នាជាមួយគ្រូបង្វឹក លោក Michel der Zakarian ក្នុងពេលអំឡុងហ្វឹកហាត់នាពេលថ្មីៗនេះ។

តាមរយៈសារព័ត៌មាន L’Equipe បានចេញផ្សាយថា អតីតកីឡាករ Liverpool ខាងលើនេះ បានប៉ះពារសំដីគ្នាជាមួយគ្រូបង្វឹកនៅអំឡុងហ្វឹកហាត់ នៅពេលគ្រូបង្វឹកហាក់ប្រងើយកន្តើយចំពោះលោក បើទោះបីជា Sakho បានបង្កកំហុសក៏ដោយ។

កន្លងមក លោក Der Zakarian ទើបតែដាក់ Sakho ចូលលេងបាន ៦នាទីប៉ុណ្ណោះក្នុងក្លិប Montpellier សម្រាប់រដូវកាលនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្លិប Montpellier បានឲ្យដឹងថា ជម្លោះត្រូវបានដោះស្រាយរួចរាល់ហើយ ក្នុងរយៈពេល ១០ថ្ងៃមកនេះ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាផងដែរ ក៏ប៉ុន្តែក្រោយមក Sakho បានសរសេរបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំទេ ជាអ្នកសមនឹងទទួលខុសត្រូវគ្រប់យ៉ាង»

នៅចាំបានថា កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ក៏ត្រូវបានក្លិបអង់គ្លេស Liverpool បណ្តេញចេញក៏ព្រោះតែហេតុផលមិនគោរពវិន័យនេះដែរ៕