(ម៉ៃអាម៉ី)៖ កីឡាករ Luis Suarez ត្រៀមខ្លួនក្លាយជាអតីតសិស្សរបស់ក្លិប FC Barcelona នៅអំឡុងពេលស្ថិតក្រោមការបង្វឹកដោយលោក Gerardo Martino ដែលបច្ចុប្បន្នជាគ្រូក្លិប Inter Miami FC ហើយរូបគេនឹងចូលរួមជាមួយកីឡាករ Lionel Messi ស្ថិតក្នុងលីគ MLS, នេះបើយោងតាមសារព័ត៌មាន Livescore ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សារព័ត៌មានអេស្ប៉ាញ El Pais បានចេញផ្សាយថា កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅខែក្រោយ ដើម្បីចុះកិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំ ជាមួយនឹងក្លិបដែលលេងនៅលីគ MLS របស់លោក David Beckham នេះ។

បច្ចុប្បន្នលោកកំពុងលេងនៅក្លិប Gremio ក្នុងប្រទេសប្រេស៊ីល ដ្បិតខ្សែប្រយុទ្ធ Suarez នឹងត្រៀមលេងឲ្យ Miami អំឡុងយុទ្ធនាការឆ្នាំ២០២៤ ដោយមានជម្រើសបន្ថែម ១រដូវកាលទៀតផងដែរ។

Suarez នឹងចូលរួមជាមួយអតីតមិត្តរួមក្លិប Barca មានកីឡាករ Sergio Busquets និង Jordi Alba ជាមួយនឹងកីឡាករ Messi នៅក្លិបដែលមានមូលដ្ឋាននៅរដ្ឋ Florida នេះ។

Suarez បានបន្តស្ថិតក្នុងចំណោមកីឡាករ ដែលរកបានគ្រាប់បាល់ច្រើននៅលីគប្រេស៊ីល ដោយកំពុងរកបាន ១៧គ្រាប់ហើយ ក្នុងចំណោម ៣៧ប្រកួតគិតចាប់តាំងពីការចូលរួមជាមួយ Gremio កាលពីខែធ្នូឆ្នាំមុន៕