(មេនឆេស្ទើ)៖ លោក Gary Neville អតីតខ្សែការពារ Manchester United និងជាអ្នកវិភាគបាល់ទាត់ប្រចាំទូរទស្សន៍ Sky Sports បានធ្វើការព្យាករណ៍ថា លោក Erik ten Hag នឹងត្រូវដកតំណែងក្នុងនាមគ្រូបង្វឹកបិសាចក្រហមឆាប់ៗនេះ។

ការលើកឡើងបែបនេះ បន្ទាប់ពីអតីតក្លិបលោក Neville ធ្លាប់លេងជំនាន់ David Beckham នោះ ទើបតែធ្លាក់ចេញពីពានរង្វាន់ League Cup ក្រោមថ្វីជើងរបស់ Newcastle United ដោយលទ្ធផល ៣-០ ក្នុងជុំទី៤ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ ដូចគ្នានឹងលទ្ធផលដែលពួកគេបានចាញ់ Manchester City នៅ Premier League កាលពីចុងសប្តាហ៍ទៅដែរ។

លោក Neville បានសរសេរបង្ហោះនៅលើបណ្តាញ Twitter ថា «កាលពីយប់មិញ យើងបានមើលកុននៃក្តីសង្ឃឹម ដែលបានប្រែក្លាយទៅជាគ្មានអ្វីសោះ។ ក្រុមអ្នកគាំទ្រ Man Utd មានការធុញទ្រាន់ និងខឹងសម្បារខ្លាំងណាស់។ គ្រប់កីឡាករនៅលើទីលានហាក់មានអារម្មណ៍ភ័យខ្លាច ទម្រង់លេងដ៏សែនយ៉ាប់ ជាមួយនឹងអ្នកចាត់ការទូទៅត្រដាបត្រដួសលំបាកភ្នែកមើលទៀតផង»។

អតីតខ្សែការពារស្លាបស្តាំ Neville បានធ្វើការព្រមានលទ្ធផលថ្មីៗនេះ ដែលអាចធ្វើជាបញ្ហាក្នុងការដកតំណែងបុរសសញ្ជាតិហូឡង់ដែលបានដឹកនាំធ្លាក់ចូលក្នុងរដូវកាលដ៏អាក្រក់ គិតចាប់តាំងពីឆ្នាំ១៩៦២-១៩៦៣ នៅពេលក្លិបបានបរាជ័យក្នុងផ្ទះ ៥លើក ក្នុងចំណោម ១០ប្រកួតនៅកីឡដ្ឋាន Old Trafford។

ប្រសិនបើកើតឡើងមែន លោក Erik ten Hag នឹងក្លាយជាអ្នកចាត់ការទូទៅ Man Utd ជំនាន់ទី៥ ដែលត្រូវដកតំណែង គិតចាប់តាំងពីឆ្នាំ២០១៣ មក ក្រោយការចូលនិវត្តន៍របស់លោក Sir Alex Ferguson ដែលរួមមានលោក David Moyes, Louis van Gaal, Jose Mourinho និងលោក Ole Gunnar Solskjaer ជាដើម៕