(ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រចំនួន ៥វិញ្ញាសា នៃការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើការប្រកួតកាត់សេចក្ដីរកម្ចាស់មេដាយមាស នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ក្រុមកីឡាករ-កីឡាការិនីវាយសីវ័យក្មេងកម្ពុជា ដែលបានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ក្រោយឆ្លងកាត់ការប្រកួតជម្រុះកាលពីម្សិលមិញ ហើយបន្ដយកឈ្នះគូប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០២ ខែកញ្ញានេះរួមមាន៖

១-វិញ្ញាសាឯកត្តជនបុរសអាយុក្រោម ១៥ឆ្នាំ៖ កីឡាករ អូន បញ្ញារិទ្ធ ឡើងផ្ដាច់ព្រ័ត្រ ជួបកីឡាករមីយ៉ាន់ម៉ា Nyi Zaya
២-វិញ្ញាសាវាយគូនារីអាយុក្រោម ១៥ឆ្នាំ៖ កីឡាការិនី គុយ កន្និកា និង លឿង ម៉ាលីនិច្ច ឡើងផ្ដាច់ព្រ័ត្រ ជួបក្រុមកីឡាការិនីមីយ៉ាន់ម៉ា
៣-វិញ្ញាសាវាយគូបុរសអាយុក្រោម ១៧ឆ្នាំ៖ កីឡាករកម្ពុជា ទេព ពុទ្ធវុទ្ធា និង ភារ៉ុន រក្សា ឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកីឡាករមីយ៉ាន់ម៉ា
៤-វិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ៖ កីឡាការិនីកម្ពុជា លឿង ម៉ាលីនិច្ច និង សុខ សុម៉ាលីតា ឡើងវគ្គផ្ដាច់ព្រ័ត្រ ត្រូវជួបក្រុមកីឡាការិនីទីម័រខាងកើត
៥-វិញ្ញាសាវាយគូចម្រុះបុរស-នារីអាយុក្រោម ១៧ឆ្នាំ៖ កីឡាករ ភារ៉ុន រក្សា និងកីឡាការិនី លឿង ម៉ាលីនិច្ច ឡើងវគ្គផ្ដាច់ព្រ័ត្រ ត្រូវជួបជាមួយក្រុមមីយ៉ាន់ម៉ា។

ដំណាលជាមួយគ្នានឹងការឡើងវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមអត្តពលិកម្ចាស់ផ្ទះខាងលើ កម្ពុជាក៏ដណ្ដើមបានមេដាយសំរឹទ្ធចំនួន ៧គ្រឿងផងដែរ។ បច្ចុប្បន្នក្រុមកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង ក្នុងនោះមេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៧គ្រឿង។ តាមរយៈនេះ ថ្នាក់ដឹកនាំសហព័ន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាព្រឹកស្អែកឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា ឆ្ពោះទៅប្រជែងមេដាយមាសជូនជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយសីយុវជនប្រចាំតំបន់នេះ៕