(កូរ៉េ)៖ បរិមាណគ្រឿងញៀន ដែលតារាសម្តែងប្រុសកូរ៉េ Yoo Ah In បានប្រើប្រាស់កន្លងទៅ ត្រូវបានបង្ហាញតាមរយៈការចោទប្រកាន់ ដែលចេញផ្សាយនាពេលថ្មីៗនេះ ខណៈតារារូបនេះក៏កំពុងស្ថិតក្នុង ការស៊ើបអង្កេតរបស់ប៉ូលីសផងដែរ ជុំវិញករណីប្រើប្រាស់គ្រឿងញៀន។ ការចេញផ្សាយថ្មីមួយបានបញ្ជាក់ថា តារារូបនេះបានប្រើថ្នាំ Propofol ចំនួន១៨១ដង និងទិញថ្នាំងងុយដេកខុសច្បាប់ រហូតដល់៤៤លើក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍ផ្តាច់មុខដោយ Munhwa Ilbo បានចែករំលែកព័ត៌មានលម្អិតនៃការចោទប្រកាន់លើ Yoo Ah In។ តារារូបនេះត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងបំផ្លាញភស្តុតាង, ការក្លែងបន្លំ, ការរំលោភច្បាប់វេជ្ជសាស្រ្ដ និងការប្រើប្រាស់ថ្នាំញៀនជាទម្លាប់។ ការចោទប្រកាន់បានកត់សម្គាល់ថា Yoo Ah In បានគ្រប់គ្រងថ្នាំ propofol សរុបចំនួន ៩.៦លីត្រ តាមរយៈការប្រើប្រាស់ចំនួន១៨១ដង ដាច់ដោយឡែកពីគ្នា ដែលទិញពីមន្ទីរពេទ្យចំនួន១៤ ផ្សេងគ្នា ក្នុងរយៈពេល២ឆ្នាំ ដោយចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២០។ ក្រៅពីនេះ លោកក៏ត្រូវបានចោទប្រកាន់ ពីការប្រើប្រាស់គ្រឿងញៀនជាច្រើនប្រភេទ ក្នុងបរិមាណច្រើន ហើយថែមទាំងបានទិញថ្នាំងងុយដេក ដោយខុសច្បាប់រហូតដល់ ៤៤ដងផងដែរ។

គួរជម្រាបថា ជុំវិញករណីរបស់តារាកូរ៉េប្រុសរូបនេះ គឺប៉ូលីសមិនទាន់មានដំណឹងអ្វីថ្មីនោះទេ ខណៈកន្លងទៅបានស្នើសុំដីកាចាប់ខ្លួនពីតុលាការ។ បច្ចុប្បន្នរឿងក្តីរបស់ Yoo Ah In កំពុងស្ថិតក្រោមការស៊ើបអង្កេត៕