(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតឧបរកណ៍អេឡិចត្រូនិចអាមេរិក Belkin បានប្រកាសបង្ហាញនូវឧបករណ៍សាកថ្មថ្មីមួយរបស់ Apple ដែលមានឈ្មោះថា BoostCharge Pro 2-in-1 ដែលរួមបញ្ចូលទាំងសមត្ថភាពសាកថ្ម MagSafe និង Apple Watch ជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ឧបករណ៍សាកថ្មជំនាន់ថ្មីដែលផលិតចេញពីក្រុមហ៊ុន Belkin នេះទទួលបានអាជ្ញាប័ណ្ណជាផ្លូវការពី Apple នឹងត្រូវបានគេធ្វើតេស្តថាជា ឧបករណ៍សាកដែលមានល្បឿនលឿនបំផុត នឹងអាចសាកថ្មបានទាំង iPhone និង Apple Watch បានក្នុងពេលតែមួយ។ BoostCharge Pro ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា MagSafe ដែលវាមានថាមពលសាកថ្មរហូតដល់ទៅ ១៥វ៉ាត់ឯណោះ នឹងសាកបានចាប់ពី iPhone 12 ឡើងទៅ ចំណែកឯកម្រិតសាកនៅលើ Apple Watch វិញមានប្រហែល ៥វ៉ាត់នឹងជាល្បឿនលឿនបំផុតមួយផងដែរ។

គួរជម្រាបដែរថា BoostCharge Pro នឹងមានលក់ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខនេះ ដែលមានដាក់លក់ទាំងនៅលើ Apple.com និង Belkin.com ក្នុងតម្លៃ ១២៩.៩៥ដុល្លារ នឹងជាឧបករណ៍សាកដែលទាន់សម័យ ទំនើប នឹងសុវត្ថិភាពបំផុតសម្រាប់ការសាកថ្ម iPhone៕