(បរទេស)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia បានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Amazon និង HP ដោយចោទប្រកាន់ថាក្រុមហ៊ុនទាំងពីរនេះបានរំលោភលើប៉ាតង់របស់ខ្លួនមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យាផ្សាយវីដេអូ (video streaming)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

Nokia បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការសហព័ន្ធ Delaware នៅថ្ងៃទី៣១ ខែតុលាកន្លងទៅថ្មីៗនេះដោយអះអាងថា សេវាកម្មស្ទ្រីមវីដេអូ និង Twitch របស់ក្រុមហ៊ុន Amazon និង HP បានរំលោភលើប៉ាតង់របស់ Nokia ទាក់ទងនឹងការកែប្រែទំហំកូដវីដេអូដើម ការចែកចាយ និងបច្ចេកវិទ្យាផ្សេងទៀត។

លើសពីនេះទៅទៀត Nokia អះអាងថា ខ្លួនបានផ្តល់លក្ខខណ្ឌយុត្តិធម៌ដល់ Amazon និង HP សម្រាប់ការចរចាអាជ្ញាប័ណ្ណសម្រាប់បច្ចេកវិទ្យាដែលមានប៉ាតង់របស់ខ្លួន ប៉ុន្តែក្រុមហ៊ុនទាំងពីរបានបដិសេធការផ្តល់ជូននេះ ហើយជំនួសមកវិញដោយការប្រើប្រាស់បច្ចេកវិទ្យារបស់ Nokia ដោយគ្មានការអនុញ្ញាត។

គួរជម្រាបដែរថា Nokia គឺជាអ្នកលេង R&D ឈានមុខគេដែលមានការវិនិយោគជាង ១៤៨ពាន់លានដុល្លារក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ជាមួយនឹងកម្មសិទ្ធិរបស់គ្រួសារប៉ាតង់ជាង ២០,០០០ប៉ាតង់នៅទូទាំងប្រទេសផ្សេងៗ៕