(បរទេស)៖ តារាចម្រៀង និងជាតារាសម្តែងស្រីល្បីឈ្មោះរបស់អាមេរិក Selena Gomez ដែលមានចំនួនអ្នកតាមដានរហូតដល់៤៣០លាននាក់ ក្នុងបណ្តាញសង្គម Instagram នោះ បានប្រកាសដើរចេញពីបណ្តាញសង្គម ពោលគឺផ្អាកការលេងបណ្តាញសង្គមមួយរយៈ បើទោះបីជានាងទើបតែជាប់ឈ្មោះជាតារាស្រីមានអ្នកតាមដានក្នុង Instagram ច្រើនបំផុតក៏ដោយ។ មូលហេតុនៃការផ្អាកនេះ គឺដោយសារតែនាងមិនចង់ឃើញហេតុការណ៍អាក្រក់ៗនានា ដែលកើតឡើងនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន straitstimes នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

តារាស្រីរូបនេះទទួលបានងារជាអ្នកចម្រៀង និងជាតារាសម្តែង ដែលមានអ្នកតាមដានច្រើនជាងគេបំផុតនៅលើ Instagram ចេញផ្សាយដោយសារសារព័ត៌មាន Billboard កាលពីខែមីនា។ តារាស្រីវ័យ៣១ឆ្នាំរូបនេះ បានចែករំលែកនៅលើ Instagram Stories កាលពីថ្ងៃច័ន្ទថា នាងកំពុងសម្រាក ឬផ្អាកពីការលេងបណ្តាញសង្គម ដោយសង្កត់ធ្ងន់ថា  «ដោយសារតែបេះដូងរបស់ខ្ញុំគឺឈឺចាប់ខ្លាំងណាស់ ដោយសារភាពភ័យរន្ធត់, ស្អប់, អំពើហឹង្សាទាំងអស់ដែលកំពុងកើតឡើងនៅលើពិភពលោកនេះ។ មនុស្សដែលត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់ឬអំពើស្អប់ ខ្ពើមពីក្រុមណាមួយគឺជារឿងដ៏គួរឲ្យរន្ធត់»។ នាងបន្ថែមថា «យើងត្រូវការពារមនុស្សទាំងអស់ ជាពិសេសកុមារ និងបញ្ឈប់អំពើហិង្សា ដើម្បីភាពត្រឹមត្រូវ»

គេនៅចាំបានថា Gomez តែងតែបង្ហោះព័ត៌មានថ្មីៗនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង ជាពិសេសលើបញ្ហាសុខភាពផ្លូវចិត្តរបស់យុវវ័យ បន្ទាប់ពីការបង្ហាញរបស់នាងក្នុងឆ្នាំ២០២០ ថានាងទទួលរងពីជំងឺផ្លូវចិត្ត។ ការបង្ហោះចុងក្រោយនៅលើ Instagram របស់នាង គឺនៅថ្ងៃទិវាសុខភាពផ្លូវចិត្តពិភពលោកនៅថ្ងៃទី១០ ខែតុលា៕