(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសធ្វើការប្ដឹងឧទ្ទរណ៍ទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បន្ទាប់ពីមិនពេញចិត្តលើការសម្រេចពិន័យសមាជិកខ្លួនកីឡាករ Gabriel Silva Costa ដែលបង្ហាញពាក្យស្លោក«100% Jesus» លើអាវខាងក្នុង កំឡុងពេលអបអរសាទរគ្រាប់បាល់ កាលពីសប្ដាហ៍មុន ។ លើសពីនេះ ពួកគេ ថែមទាំងត្រៀមប្ដឹងជំទាត់រហូតដល់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ប្រសិនបើចាំបាច់ទៀតផង ។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិប កាលពីល្ងាចថ្ងៃពុធបានបញ្ជាក់ថា «បន្ទាប់ពីមានការចេញលិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ»

«ក្លិបអាចបញ្ជាក់បានថា ឥឡូវនេះយើងបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយយើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់។ ដោយសារនេះជាករណីផ្លូវច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ»

គួរដឹងថា បន្ទាប់ពីកីឡាករប្រេស៊ីល Gabriel Silva បានបក្យស្លោក «100% Jeង្ហាញពាsus» អបអរសាទរគ្រាប់បាល់ខ្លួន ដែលស៊ុតបញ្ចូលទីក្រុមបឹងកេត ក្នុងជំនួបលីគកំពូលកម្ពុជា សប្ដាហ៍ទី៩ កាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅ គណៈកម្មការវិន័យរបស់សហព័ន្ធ ក៏បានចេញលិខិតពិន័យកីឡាករវ័យ ២៦ឆ្នាំរូបនេះ មិនឲ្យចូលរួមការប្រកួតដែលរៀបចំដោយ CPL និងសហព័ន្ធរយៈពេល ៦ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល ។

ការពិន័យនេះ ត្រូវបានអនុវត្តដោយយោងលើមាត្រា៤១ នៃក្រមសីលធម៌ និងវិជ្ជាជីវៈ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមាត្រា៥១.១ នៃក្រមសីលធម៌ និងវិជ្ជាជីវៈនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ។ ជុំវិញរឿងក្ដីនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើក និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ស្របថ្នាក់ដឹកនាំ និងកីឡាករ នៃក្លិបព្រះខ័នរាជស្វាយរៀង កំពុងធ្វើការលើកទឹកចិត្តដល់កីឡាករ Gabriel Silva និងរកដំណោះស្រាយជូនកីឡាករខ្លួនផងដែរ ៕