(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះក្រុមហ៊ុន Baidu ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុន Search Engine យក្សរបស់ចិនបានដាក់ចេញកំណែបង់ប្រាក់ (Paid Version) ថ្មីមួយនៅលើផលិតផលបញ្ញាសិប្បនិមិត្ត (AI) Ernie bot របស់គេ ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ថ្លៃចំនួន ៨.១៨ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

Ernie bot គឺជាគំរូ AI ដែលអាចយល់ការសន្ទនា និងឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់បានដូចទៅនឹងមនុស្សអ៊ីចឹង។ Ernie bot ត្រូវបានគេស្គាល់ថាជា AI ដែលមានមុខងារស្ទើរតែដូចគ្នាទៅនឹង ChatGPT របស់ក្រុមហ៊ុន OpenAI ហើយសេវាកម្ម AI ទាំងពីរនេះបានធ្វើបច្ចុប្បន្នភាពមុខងារប្រកួតប្រជែងគ្នាជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការគាំទ្រភាសា និងអាចសង្ខេបអត្ថបទដូចទៅនឹងមនុស្សសរសេរជាដើម។ ក្នុងនោះ ChatGPT គាំទ្រតែគំរូភាសាអង់គ្លេសប៉ុណ្ណោះ ចំណែកឯ Ernie bot គាំទ្រទាំងភាសាចិន និងភាសាអង់គ្លេស។

គួរជម្រាបដែរថា កំណែបង់ប្រាក់របស់ Ernie bot ត្រូវបានគេរំពឹងថានឹងផ្តល់នូវលក្ខណៈពិសេស និងសមត្ថភាពកម្រិតខ្ពស់ជាងកំណែឥតគិតថ្លៃ។ មិនត្រឹមតែប៉ុណ្ណោះការបើកដំណើរការកំណែបង់ប្រាក់របស់ Ernie bot នេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ Baidu ដើម្បីពង្រីកការផ្តល់ AI របស់ខ្លួន និងរកប្រាក់ពីបច្ចេកវិទ្យា AI របស់ខ្លួនផងដែរ៕