(ឡុងដ៍)៖ មូលហេតុដែលធ្វើឲ្យលោក Sir Bobby Charlton បានស្លាប់បាត់បង់ជីវិតនោះ បន្ទាប់ពីឧប្បត្តិហេតុដួល នៅឯផ្ទះថែទាំមួយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

អតីតកីឡាករឆ្នើមក្រុមជម្រើសជាតិអង់គ្លេស និងក្លិប Manchester United រូបនេះ បានស្លាប់ក្នុងវ័យ ៨៦ឆ្នាំ នៅមន្ទីរពេទ្យ Macclesfield General Hospital កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងការសាកសួរមួយ នៅតុលាការ Cheshire Coroner's Court បានឱ្យដឹងថា លោក Sir Bobby បានរស់នៅផ្ទះថែទាំមួយ សម្រាប់អ្នកជំងឺវង្វេង (The Willows) ស្ថិតក្នុងតំបន់ Knutsford ខណៈអ្នកធ្វើវិភាគជាន់ខ្ពស់នៅឯ Cheshire Jacqueline Devonish បានបញ្ជាក់ថា ការស្លាប់នេះ គឺជាឧប្បត្តិហេតុ។

លោកត្រូវបានគេចាត់ទុកជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុត មិនធ្លាប់មានពីមុនមករបស់អង់គ្លេស, ​លោក Sir Bobby Charlton ជាកីឡាករសំខាន់ម្នាក់ដែលចូលរួមនាំក្រុមយកបានជ័យជម្នះលើកពានរង្វាន់​ ​World Cup ឆ្នាំ១៩៦៦ របស់ក្រុមជម្រើសជាតិអង់គ្លេស។

រំឭកផងថា នៅអំឡុងពេលចាប់ផ្តើមអាជីពបាល់ទាត់ក្នុងវ័យ ១៧ឆ្នាំ លោក Sir Bobby Charlton បានចូលរួមជាមួយក្លិប Man United ហើយបានឈ្នះពានរង្វាន់លីគចំនួន៣, ពានរង្វាន់ European Cup ចំនួន១ និងពានរង្វាន់ FA Cup ចំនួន១៕