(ឡុងដ៍)៖ ក្លិបបាល់ទាត់អាជីព តោខៀវ Chelsea កំពុងត្រូវបានក្របខណ្ឌ Premier League បើកការស៊ើបអង្កេត ករណីនាំចូលកីឡាករ Willian និង Samuel Eto’o ក្នុងឆ្នាំ២០១៣ កន្លងទៅ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា ការស៊ើបអង្កេតដោយលីគខាងលើ គឺត្រូវបានប្រកាសតាំងពីខែសីហា ឆ្នាំ២០២៣ នៅពេលរបាយការណ៍ដំបូងត្រូវបានចេញផ្សាយដោយប្រភពពី Times ដែលផ្តោតទៅលើការចុះកិច្ចសន្យានៃខ្សែប្រយុទ្ធអន្តរជាតិកាមេរូន Eto’o និងខ្សែបម្រើប្រេស៊ីល Willian។

កីឡាករទាំងពីរ ត្រូវបាននាំចូលនៅពេល Chelsea មានម្ចាស់ជាមហាសេដ្ឋីរុស្ស៊ីគឺលោក Roman Abramovich ដែលបានកាន់កាប់ក្លិបស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេសមួយនេះនាអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០២២។

កាលពីថ្ងៃចន្ទដើមសប្តាហ៍ Chelsea ក៏បានចេញសេចក្តីថ្លែងការណ៍មួយថា «ករណីល្មើសទៅនឹងច្បាប់ទិញ-ដូរកីឡាករនេះ គឺមិនជាប់ពាក់ព័ន្ធជាមួយនឹងម្ចាស់ថ្មីបច្ចុប្បន្នឡើយ ហើយក៏មិនជាប់ពាក់ព័ន្ធករណីបុគ្គលដែរ។ យ៉ាងណាមិញ ម្ចាស់ថ្មីក៏បានបំពេញគ្រប់លក្ខខណ្ឌ ក្នុងការទិញក្លិប Chelsea FC មកគ្រប់គ្រងជាផ្លូវការនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មកដែរ»

នៅចាំបានថា កាលពីខែកក្កដា ឆ្នាំ២០២៣ Chelsea ក៏ត្រូវ UEFA ពិន័យជាប្រាក់ចំនួន ៨.៦លានផោនម្តងមកហើយដែរ ដោយសារមិនរាយការណ៍ពីព័ត៌មានហិរញ្ញវត្ថុឲ្យបានច្បាស់លាស់កាលឆ្នាំ២០១២ និងឆ្នាំ២០១៩៕