(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីអាមេរិក Megan Thee Stallion បានប្រកាសថា នឹងបញ្ចេញចម្រៀងទោលជាលក្ខណៈឯករាជ្យឆាប់ៗនេះ បន្ទាប់ពីជម្លោះក្ដីក្ដាំរាប់ឆ្នាំរវាងនាង និងផលិតកម្ម 1501 Certified Entertainment ដែលជាផលិតកម្មចាស់របស់នាង បានដោះស្រាយបញ្ហាផ្លូវច្បាប់ជាមួយគ្នាចប់ដាច់ស្រេច។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រព័ត៌មាន People។

បើតាមសេចក្តីប្រកាសបានឲ្យដឹងថា រឿងក្ដីរវាង Megan Thee Stallion ជាមួយផលិតកម្ម 1501 Certified Entertainment បានអូសបន្លាយរយៈពេល៣ឆ្នាំមកហើយ ដោយនៅខែមីនា ឆ្នាំ២០២០ តារារ៉េបម្ចាស់បទ «Body» រូបនេះ បានរាយការណ៍ថា ផលិតកម្មបានរារាំងនាងមិនឲ្យចេញអាល់ប៊ុម «Suga» បន្ទាប់ពីនាងបានស្នើសុំឲ្យចរចា កិច្ចសន្យាឡើងវិញ។ រហូតដល់កាលពីពីរខែមុន នាងក៏បានប្រកាសថា នាងកំពុងចុះកិច្ចសន្យាជាមួយផលិតកម្ម Roc Nation (រ៉ក់ ណេសិន)។ រហូតមកទល់នឹងពេលនេះ ភាគីទាំងពីរបានឈានដល់ការធ្វើកិច្ចព្រមព្រៀមរួមមួយ ដើម្បីដោះស្រាយជម្លោះផ្លូវច្បាប់របស់ពួកគេ ខណៈលក្ខខណ្ឌជាក់លាក់នៃកិច្ចព្រមព្រៀង មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។

ជុំវិញការងារសិល្បៈរបស់ខ្លួន តារាស្រី Megan The Stallion បានឲ្យដឹងនៅដើមខែតុលា ឆ្នាំ២០២៣ តាមរយៈការ Live លើ Instagram ថា នាងមិនបានចុះហត្ថលេខាជាមួយផលិតកម្មណាមួយទេ ហើយនឹងចំណាយលុយផ្ទាល់ខ្លួន ដើម្បីផលិតចម្រៀងរបស់ខ្លួននាពេលខាងមុខ៕