(បរទេស)៖ វៀតណាមកំពុងពិចារណាសាងសង់រោងចក្រផលិតផលិតផលគ្រឿងអេឡិចត្រូនិចពាក់កណ្តាលសម្រេច ដំបូងគេរបស់ខ្លួន ឬហៅថារោងចក្រ Fab ក្នុងគោលបំណងជំរុញការវិនិយោគក្នុងប្រទេស និងវិស័យផលិតគ្រឿងអេឡិចត្រូនិកដែលកំពុងរីកចម្រើន។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានព្រមានថា ការសាងសង់រោងចក្រផលិតគ្រឿងអេឡិចត្រូនិច គឺជាការងារដែលមានតម្លៃថ្លៃ ហើយថា វៀតណាមនឹងត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតដែលកំពុងតែវិនិយោគយ៉ាងខ្លាំងក្នុងការផលិតគ្រឿងអេឡិចត្រូនិកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេសវៀតណាម ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិចមួយនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងដែលក្រុមហ៊ុនផលិតឈីបដ៏ធំរបស់អាមេរិក Intel បានជ្រើសរើសជាទីតាំងវេចខ្ចប់ និសាកល្បងឧបករណ៍អេឡិចត្រូនិចរបស់ពួកគេ។ មិនតែប៉ុណ្ណោះ វៀតណាមក៏ជាប្រទេសគោលដៅដែលក្រុមហ៊ុនយក្សអាមេរិកធំៗជាច្រើនទៀតកំពុងសម្លឹងមើលដើម្បីទៅវិនិយោគការផលិតនៅទីនោះផងដែរ។

យោងតាមរបាយការណ៍របស់ Reuters បានឱ្យដឹងថា ប្រទេសវៀតណាមកំពុងជួបពិភាក្សាជាមួយក្រុមហ៊ុនបន្ទះឈីបជាច្រើនអំពីលទ្ធភាពនៃការសាងសង់រោងចក្រផលិតផលិតផលពាក់កណ្តាលសម្រេចនៅក្នុងប្រទេស។ តែយ៉ាងណាទាក់ទងនឹងកិច្ចប្រជុំនេះប្រភពមិនបង្ហាញពីអត្តសញ្ញាណក្រុមហ៊ុនដែលចូលរួមនោះទេ ដោយមានការលើកឡើងថា ការចរចារកំពុងស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ។

មន្ត្រីអាមេរិកបានព្រមានវៀតណាមថា ការសាងសង់រោងចក្រអាចចំណាយប្រាក់ខ្ពស់ដែលត្រូវបានគេប៉ានប្រមាណថា នឹងមានចំនួនរហូតដល់ទៅ ៥០ពាន់លានដុល្លារឯណោះ។ ពួកគេក៏បាននិយាយផងដែរថា វៀតណាមនឹងត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតដូចជា ចិន អាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដែលសុទ្ធសឹងតែកំពុងវិនិយោគយ៉ាងខ្លាំងលើការផលិតឧបករណ៍អេឡិចត្រូនិកនេះ។

បើទោះជាមានការព្រមានពីមន្ត្រីអាមេរិកក៏ដោយ ក៏វៀតណាមនៅតែបន្តប្តេជ្ញាចិត្តថា នឹងសាងសង់រោងចក្រផលិតផលពាក់កណ្តាលសម្រេចរបស់ខ្លួន។ ប្រទេសនេះមើលឃើញថាការផលិតឧបករណ៍អេឡិចត្រូនិច ជាឧស្សាហកម្មយុទ្ធសាស្ត្រដ៏សំខាន់ ហើយគេជឿថាការកសាងរោងចក្រផលិតផលិតផលពាក់កណ្តាលសម្រេចនឹងជួយកាត់បន្ថយការពឹងផ្អែកលើបន្ទះឈីបដែលនាំចូល៕