(ភ្នំពេញ៌៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានសម្តែងសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រេីនសមត្ថភាពក្នុងការហ្វឹកហាត់ របស់ក្រុមកីឡាករបាល់ទះ នៃក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានពង្រឹងសមត្ថភាព សាមគ្គីភាព និងទទួលជ័យជម្នះជាបន្តបន្ទាប់នាពេលកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំឲ្យក្រុមកីឡាបាល់ទះទាំងអស់ ត្រូវយកចិត្តទុកដាក់ហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត គោរពវិន័យកីឡា ដើម្បីត្រៀមប្រកួតដណ្តើមយកពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣នាពេលខាមុខ ក៏ដូចជាការប្រកួតផ្សេងៗជាមួយថ្នាក់ជាតិ និងអន្តរជាតិនាផងដែរ៕