(បាសេឡូណា)៖ កីឡាករ Lionel Messi បានកំពុងស្វែងរកឱកាសសមស្របណាមួយ ដើម្បីលាអ្នកគាំទ្រក្លិប FC Barcelona ជាផ្លូវការ ជាទីកន្លែងដែលរូបគេធ្លាប់ចំណាយពេលតាំងពីកុមារភាពលេងនៅកីឡដ្ឋាន Camp Nou ក្នុងរយៈពេល ១៧ឆ្នាំកន្លងទៅ។

ថ្លែងក្នុងពិធីប្រគល់ និងទទួលពានបាល់មាស Ballon d’Or លើកទី៨ ក្នុងអាជីពបាល់ទាត់ Messi បានឲ្យដឹងថា «ខ្ញុំចង់មានពេលលាអ្នកគាំទ្រ Barcelona ឲ្យបានត្រឹមត្រូវ ឬក៏ក្នុងប្រកួតណាមួយរបស់នេះ»

លោកថា «Barcelona ជាផ្ទះរបស់ខ្ញុំ។ ខ្ញុំស្រឡាញ់ក្លិបនេះ រួមទាំងប្រជាជនរស់នៅទីក្រុង Barcelona ផងដែរ។ ប្រសិនបើអាចកើតឡើងមែន ខ្ញុំរីករាយក្នុងការវិលត្រឡប់មកកាន់ទីនេះម្តងទៀត ដើម្បីលាអ្នកគាំទ្រឲ្យបានសមរម្យជាទីបំផុត»

ការដែលមានគម្រោងថ្លែងពាក្យក្នុងចិត្តនេះ គឺបានកើតឡើង ក្រោយពេលនាយកកីឡា Barcelona គឺលោក Deco បានបង្ហើបពីគម្រោងចង់ឲ្យ Superstar លេង ១ប្រកួតចុងក្រោយ មុនពេលថ្លែងពាក្យលាទៅកាន់អ្នកគាំទ្រនៅកីឡដ្ឋាន Camp Nou។

ការលេងនៅទីនេះ ១៧ឆ្នាំ ពោលចាប់ពីខែតុលា ឆ្នាំ២០០៤ មកដល់ឆ្នាំ២០២១ Lionel Messi រកបាន ៦៧២គ្រាប់ពីការចូលលេងសរុបបាន ៧៧៨ប្រកួតផងដែរ ជាមួយនឹងការឈ្នះពាន La Liga បាន ១០លើក Copa del Rey ៧លើក និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League បានចំនួន ៤ដងទៀតផង មុនពេលចាកចេញទៅលេងឲ្យក្លិបបារាំង Paris Saint Germain ២រដូវកាល និងបច្ចុប្បន្នលេងឲ្យក្លិប Inter Miami FC នៃក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិក។

គួររំលឹកផងថា ការចាកចេញរបស់កីឡាករជំនាញស៊ុត free kick ជើងឆ្វេងនាអំឡុងឆ្នាំ២០២១ នោះ ក៏ព្រោះតែអស់សុពលភាព និងបរាជ័យក្នុងការបន្តកិច្ចសន្យាថ្មីនៅ Camp Nou ចំពេល FC Barcelona កំពុងជួបវិបត្តិហិរញ្ញវត្ថុផងដែរ ដោយសារវិបត្តិកូវីដ-១៩៕