(កូរ៉េ)៖ តារាសម្ដែងកូរ៉េខាងត្បូង Lee Sun-kyun ដែលទស្សនិកជនភាគច្រើនស្គាល់ថា លោកជាតួប្រុសក្នុងរឿងល្បី «Parasite» នៅសប្តាហ៍មុន បានបង្ហាញខ្លួននៅចំពោះមុខប៉ូលីស ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ហើយបានផ្តល់សំណាកសក់ និងទឹកនោម ដើម្បីធ្វើតេស្តរកសារធាតុញៀន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straitstimes។

តារាប្រុសក្នុងរឿងឈ្នះពានរង្វាន់ Oscar «Parasite» មានវ័យ៤៨ឆ្នាំរូបនេះ បានធ្វើតេស្តអវិជ្ជមាន នៅក្នុងការធ្វើតេស្តរហ័សកាលពីសប្តាហ៍មុន ខណៈទូរស័ព្ទដៃរបស់លោក ត្រូវបានតម្កល់នៅប៉ុស្តិ៍ប៉ូលីសសម្រាប់ជាភស្តុតាង។ ទោះជាយ៉ាងនេះក្តី ខាងផ្នែកកោសល្យវិច្ច័យជាតិប្រចាំប្រទេសកូរ៉េ បានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើតេស្ដបន្ថែមទៀត នៅខែក្រោយនេះ។

គួរជម្រាបថា តារាសម្តែង Lee បានឈ្នះពានរង្វាន់ «Screen Actors Guild» សម្រាប់តួនាទីរបស់លោកនៅក្នុងខ្សែភាពយន្ត «Parasite» ខណៈភាពយន្តនេះបានឈ្នះពានរង្វាន់អូស្ការ ក្នុងឆ្នាំ២០១៩។ ជុំវិញករណីខាងលើនេះ លោកមិនបានធ្វើអត្ថាធិប្បាយជាក់លាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ ដោយលោកគ្រាន់តែប្តេជ្ញាអនុវត្តតាមនិតិវិធី ស៊ើបអង្កេតបន្ត ខណៈប៉ូលីសថា នឹងកោះហៅលោក Lee មកសាកសួរម្តងទៀត៕