(បរទេស)៖ មេធាវីរបស់តារាចម្រៀង K-POP ល្បីឈ្មោះដែលជាអតីតសមាជិកក្រុម BIGBANG បានឲ្យដឹងថា តារារូបនេះ នឹងឡើងផ្តល់ចម្លើយនៅសប្តាហ៍នេះ ជុំវិញបទចោទប្រកាន់ពីការប្រើប្រាស់គ្រឿងញៀន។ នៅក្នុងសេចក្តីប្រកាស ក៏បានសង្កត់ធ្ងន់ថា ការផ្តល់ចម្លើយរបស់តារារូបេនះ គឺដើម្បីភាពត្រឹមត្រូវនិងស្មើភាព ក្នុងការសហការស៉ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreatomes នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

G-Dragon ត្រូវបានគេសង្ស័យថា បានប្រើប្រាស់ថ្នាំខុសច្បាប់ ដោយល្មើសនឹងច្បាប់គ្រប់គ្រងគ្រឿងញៀនក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលោកបានបដិសេធ ចំពោះការចោទប្រកាន់នេះ។ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ប៉ូលីសបាននិយាយថា នឹងរៀបចំកាលបរិច្ឆេទជាមួយតារាចម្រៀងរូបនេះ ដើម្បីសាកសួរ ក៏ដូចជាធ្វើតេស្ដរកសារធាតុញៀនភ្លាមៗ ដើម្បីពិនិត្យមើលថា តើតារារូបនេះពិតជាបានប្រើប្រាស់ថ្នាំញៀនឬអត់? ភ្នាក់ងារប៉ូលីសទីក្រុង Incheon បានកំណត់យកសប្តាហ៍ក្រោយនេះ ដើម្បីសាកសួរចម្លើយសម្រាប់ការស៊ើបអង្កេត និងហាមឃាត់តារារូបនេះមិនឱ្យចាកចេញពីប្រទេស។

គួរជម្រាបថា ក្រោយមានការចោទប្រកាន់បែបនេះមកលើខ្លួន តារាចម្រៀងប្រុស  G-Dragon តាមរយៈមេធាវីរបស់ខ្លួនក៏បានប្រាប់ទៅកាន់អ្នកគាំទ្រ និងមហាជនដែរថា លោករីករាយសហការជាមួយប៉ូលីស ដើម្បីបន្តនិតិវិធីស៉ើបអង្កេត៕