(ក្រុងឡុងដ៍)៖ ខ្សែបម្រើ Declan Rice គួរតែត្រូវស្វាគមន៍ នៅពេលត្រឡប់មកកាន់កីឡដ្ឋាន London ម្តងទៀត ជាទីដែលរូបគេធ្លាប់លេង ២៥០ប្រកួតឲ្យញញួរធំ West Ham United មុនពេលចាកចេញទៅលេងឲ្យ Arsenal ដោយត្រូវប៉ះគ្នារាត្រីនេះ ក្នុងពាន League Cup។

ថ្លែងមុនការប្រកួតលោក David Moyes អ្នកចាត់ការទូទៅក្លិប West Ham បានឲ្យដឹងថា «អ្នកគួរតែចងចាំក្នុងចិត្តអំពីបុរសម្នាក់ដែលបានជួយជ្រោមជ្រែងពួកយើងក្នុងការលើកពានអឺរ៉ុបលើកដំបូងក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។ គាត់គួរតែត្រូវបានស្វាគមន៍តាមរយៈឈរអមជាជួរទះដៃ។ ពួកយើងរីករាយក្នុងការដែលបានជួប Rice ម្តងទៀត»។

នៅចាំបានថា ខ្សែបម្រើអន្តរជាតិអង់គ្លេស Declan Rice ជាអតីតកីឡាករ និងប្រធានក្រុម West Ham United ដែលបានជួយក្លិបមានមូលដ្ឋាននៅទីក្រុង London មួយនេះដណ្តើមបានជើងឯក UEFA Europa Conference League ក្នុងវគ្គផ្តាច់ព្រ័ត្រកាលខែមិថុនា ឆ្នាំ២០២៣ តាមរយៈលទ្ធផលឈ្នះ ២-១ ទៅលើគូប្រជែង Fiorentina របស់អ៊ីតាលី មុនពេលផ្ទេរទៅលេងឲ្យកាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួន ១០៥លានផោន។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ មិនត្រូវបានគ្រូបង្វឹក Arsenal លោក Mikel Arteta ដាក់ឲ្យចូលលេងឡើយ នៃជំនួបទល់នឹង Brentford ក្នុងលីគនាចុងសប្តាហ៍មុន ដោយទុក Rice សម្រាកត្រៀមប៉ះ West Ham រាត្រីនេះសម្រាប់ជុំទី៤ នៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC៕