(សៀមរាប)៖ ដើម្បីធានាបាននូវសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព បង្ការគ្រោះថ្នាក់ណាមួយសម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រចនាសម្ពន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិនិងអន្តរជាតិបានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ។

ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពានដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពានអាចបណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របាសុវត្ថិភាព នៅសងខាងនៃតួស្ពានហាលមានលក្ខណៈជាខ្សែបង្កប់ ស្ទើរតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែនៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។

លោកអគ្គនាយករងបន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរិលរបស់ថ្មទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរានៅតែបន្តរក្សាទុកស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹកនឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕