(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Vinicius Jr បានសម្រេចចិត្តលើកិច្ចព្រមព្រៀងបន្តកិច្ចសន្យាថ្មីរបស់លោក រហូតដល់ឆ្នាំ២០២៧។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយការចូលរួមកន្លងមកនេះ កីឡាករអន្តរជាតិប្រេស៊ីល Vinicius Jr មានវ័យ ២៣ឆ្នាំរូបនេះ បានរកគ្រាប់បាល់ ៦៣គ្រាប់ក្នុងការលេង ២៣៥ប្រកួត និងបានឈ្នះពានរង្វាន់ចំនួន៩ ជាមួយក្លិប Real Madrid ក្នុងនោះរួមទាំងពានរង្វាន់ UEFA Champions League ក្នុងឆ្នាំ២០២២ផងដែរ។

រំឭកផងថា ខ្សែប្រយុទ្ធ Vinicius Jr បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ ៣៨លានផោន នៅពេលមានវ័យ ១៨ឆ្នាំ ផ្ទេរមកពីក្លិប Flamengo ក្នុងឆ្នាំ២០១៨ ខណៈកាលពីថ្ងៃចន្ទ រូបគេក៏បានជាប់ចំណាត់ថ្នាក់ទី៦ ដោយទទួលបានពានរង្វាន់ Socrates Award នាមជាកីឡាករបានធ្វើសកម្មភាពមនុស្សធម៏ ដោយបានបង្កើតវិទ្យាស្ថានអប់រំជួយដល់កុមារក្រីក្រប្រេស៊ីល។

Vinicius Jr បានទទួលបានពាននេះធ្វើឡើងនៅក្នុងកម្មវិធីប្រគលពានរង្វាន់កីឡាករឆ្នើមម្ចាស់ពានបាល់មាស Ballon d’Or ដែលបានទៅលើ Lionel Messi។

ហើយនៅអំឡុងពេលលេងនៅក្លិប Real Madrid រូបគេបានឈ្នះពានរង្វាន់ La Liga ចំនួន២, ពានរង្វាន់ Spanish Super Cups ចំនួន២, ពានរង្វាន់ Club World Cups ចំនួន២, ពានរង្វាន់ Champions League, ពានរង្វាន់ Copa Del Rey និងពានរង្វាន់ European Super Cup៕