(ហ្សឺណេវ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានសម្រេចនិងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup ឆ្នាំ២០៣៤ ផ្នែកបុរស បន្ទាប់ពីប្រទេសអូស្ត្រាលី បានសម្រេចចិត្តមិនចូលរួមដេញថ្លៃ ក្នុងពេលវេលាចុងក្រោយនៃការដេញថ្លៃនេះនាថ្ងៃទី៣១ ខែតុលា ជាមួយការប្រកាសជាផ្លូវការពីស្ថាប័ន FIFA និងធ្វើឡើងនៅចុងឆ្នាំ២០២៤, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានសហព័ន្ធបាល់ទាត់ពិភព FIFA លោក Gianni Infantino បានចេញសេចក្តីប្រកាសនេះថា ប្រទេសអារ៉ាប៊ីសាអូឌីត និងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 ដែលនាំឲ្យក្លាយជារៀបចំព្រឹត្តិការណ៍នេះក្នុងតំបន់អាស៊ីលើកទី៣ ដែលលើកទី១ ធ្វើនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយលើកទី២ ធ្វើនៅប្រទេសកាតា និងជាលើកទី២ ដែលបានធ្វើនៅតំបន់មជ្ឈិមបូពា៍។

ការសម្រេចនេះបានធ្វើឡើងក្រោយពេលសហព័ទ្ធបាល់ទាត់អូស្ត្រាលី បានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួន ត្រឹមតែប៉ុន្មានម៉ោង មុនពេលផុតការកំណត់របស់ FIFA សម្រាប់ការប្រកាសពីការចាប់អារម្មណ៍នេះ ក្នុងការចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលពួកគេបានលើកឡើងថា មានបំណងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Women's Asian Cup ក្នុងឆ្នាំ២០២៦ និងធ្វើជាម្ចាស់ផ្ទះ Club World Cup ក្នុងឆ្នាំ២០២៩។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា ដែលមានការចូលរួមដល់ទៅ ៤៨ក្រុម (ប្រទេស) មកពី ៦តំបន់។

ដោយឡែក ប្រទេសម៉ារ៉ុក, ព័រទុយហ្គាល់ និងអេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០៣០ រួមជាមួយនឹងការប្រកួតក៏ធ្វើឡើងនៅក្នុងប្រទេសអាហ្សង់ទីន, ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយផងដែរ។

រំឭកផងថា ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការប្រកួតប្រជែងបាល់ទាត់ពិភពលោក World Cup ពួកគេធ្លាប់បានឡើងដល់វគ្គ ១៦ក្រុមម្តងកាលឆ្នាំ១៩៩៤ ដែលរៀបចំនៅសហរដ្ឋអាមេរិក ហើយនៅ World Cup 2022 បានធ្លាក់ត្រឹមវគ្គចែកពូល C ជាមួយការឈ្នះជើងឯកអាហ្សង់ទីន ១ប្រកួតដំបូងលទ្ធផល ២-១៕