(បរទេស)៖ ទីបំផុត Apple បានប្រកាសចេញ iMac ថ្មីទំហំ ២៤អ៊ីញរបស់ខ្លួនជាផ្លូវការហើយនៅក្នុងព្រឹត្តិការណ៍ «Scary Fast» ជាមួយនឹងការបំពាក់ដោយបន្ទះឈីប M3 កម្លាំងខ្លាំងជំនាន់ចុងក្រោយ នឹងត្រូវបានគេឱ្យរហ័សនាមថា ជាបន្ទះឈីបដែលមានល្បឿនលឿន និងខ្លាំងជាងម៉ូដែលណាៗទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

រូបរាងឌីហ្សាញរបស់ iMac ថ្មីនេះគឺស្រដៀងទៅនឹង iMac ប្រើប្រាស់ឈីប M1 ជំនាន់មុន ប៉ុន្តែវាមានល្បឿនលឿនជាងមុនរហូតដល់ទៅ ២ដងឯណោះ នឹងគាំទ្រជាមួយនឹង unified memory ដល់ទៅ ២៤ជីហ្គាបៃ។ បន្ទះឈីប M3 គឺជាបន្ទះឈីប ARM ផ្ទាល់ខ្លួនជំនាន់ទី 3 របស់ក្រុមហ៊ុន Apple សម្រាប់ Macs ដែលវាមានផ្ទុក CPU ចំនួន 8-core និងមានផ្ទុក GPU ចំនួន 8-core។

មិនត្រឹមតែប៉ុណ្ណោះ iMac ថ្មីនេះក៏អាចប្រើបានជាមួយជម្រើសផ្ទុកទិន្នន័យ 2TB ថ្មីផងដែរ។ នេះជាលើកទីមួយហើយដែល Apple ផ្តល់ជូនជម្រើសទំហំផ្ទុក 2TB សម្រាប់ iMac ទំហំ ២៤អ៊ីញ ហើយវានឹងធ្វើឱ្យ iMac ថ្មីក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការទំហំផ្ទុកច្រើនសម្រាប់រូបថត វីដេអូ និងឯកសារផ្សេងៗទៀត។

គួរជបញ្ជាក់ដែរថា iMac ទំហំ ២៤អ៊ីញថ្មីនឹងអាចបញ្ជាទិញបានចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខនេះតទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ផ្តើមពី ១,២៩៩ដុល្លារឡើងទៅ៕