(ភ្នំពេញ)៖ នៅទីបំផុត ការប្រកួតយ៉ាងស្វិតស្វាញជ្រើសរើសបុរសឯកឆ្នាំ២០២៣ Mister Glam Cambodia បានធ្វើការចម្រាញ់បានបេក្ខភាពជយលាភីចុងក្រោយគ្រងតំណែងបុរសឯកបានហើយ បន្ទាប់ពីចម្រុះបេក្ខភាព២៨រូបប្រើពេលអស់ជាង១ខែកន្លងមក។

កម្មវិធីការប្រកួតជ្រើសរើសបុរសឯក Mister Glam Cambodia 2023 បានដល់វគ្គផ្តាច់ព្រ័ត្រ ហើយបានគណៈកម្មការរួមទាំងអ្នកគាំទ្រផងដែរ សម្រេចធ្វើការបោះឆ្នោតយក បេក្ខភាពជាប់លេខចុងក្រោយចំនួន៥នាក់ ក្នុងចំណោមនោះ គឺម្នាក់ទទួលជយលាភី បានទៅលើលោក ពេជ្រទិព្ធ វិបុល។

ដាក់ពិន្ទុនិងសម្រេចជាចុងក្រោយបេក្ខភាពលោក ពេជ្រទិព្ធ វិបុល គ្រងតំណែងម្ចាស់ជ័យលាភីបុរសឯក, លោក ឆាត់ ស៊ាងឡាយ តំណែងលំដាប់រងទី១,និងលោក ឈន បួល តំណែងលំដាប់រងទី២។ 

លោក ម៉ា ច័ន្ទបូរិន ប្រធានក្រុមហ៊ុន KBN MEDIA និងជាអ្នកតំណាងសមាគមន៍បណ្តាញមិត្តប្រព័ន្ធផ្សព្វផ្សាយ ដែលចូលរួមឧបត្ថម្ភ និងជាគណៈកមុ្មការមួយរូបក្នុងកម្មវិធីឯក Mister Glam Cambodia 2023 បានថ្លែងពីចំណាប់អារម្មណឱ្យដឹងថា សម្រាប់ការជ្រើសរើសលើកនេះ វាពិតជាពិបាកបន្តិចសម្រាប់ក្រុមគណៈកម្មការនិងអ្នករៀបចំ ព្រោះប្រើពេលវេលាខ្លីត្រឹមតែជិត២ខែប៉ុណ្ណោះ ចាប់តាំងពីការចាប់ផ្តើមរហូតដល់ថ្ងៃផ្តាច់ព្រ័ត្រ ប៉ុន្តែយើងនៅតែអាចសម្រេចតាមគោលដៅ និងកំណត់របស់កម្មវិធីបានយ៉ាងល្អ បើទោះបីជាមានការខ្វះខាតនិងមានរិះគន់ពីមហាជនយ៉ាងណាក៏ដោយ ក៏យើងបានកែសម្រួលនិងព្យាយាមធ្វើទៅតាមស្ទង់ដាអន្តរជាតិដើម្បីចម្រាញ់បេក្ខភាពទាំងបីរូបចុងក្រោយគ្រងតំណែងតាមលក្ខខណ្ឌរបស់កម្មវិធី។ យើងមិនត្រឹមតែយកជយលាភីដែលមានចំណេះដឹងនិងសមត្ថភាពតែប៉ុណ្ណោះនោះទេ គឺទាំងរូបសម្បត្តិខាងក្រៅស័ក្តិសមនឹងតំណែង មានទាំងរូបរាងស្អាតសង្ហារ ឱ្យសមនឹងឈ្មោះកម្មវិធីរបស់យើង។

ជាចុងក្រោយនោះ លោក កែវ វាសនា អគ្គនាយក្រុមហ៊ុន E-Zap និងជាគណៈកម្មការរៀបចំមួយរូបដែរបានបញ្ជាក់ថា កម្មវិធី Mister Glam Cambodia 2023 គឺជាកម្មវិធីល្អពិសេសវិសាលសម្រាប់កម្ពុជា ព្រោះថា កម្មវិធីមានគោលដៅនិងលក្ខខណ្ឌច្បាស់លាស់ ហើយអ្វីដែលកម្មវិធីធ្វើឡើងមានគោលបំណងផ្តោតសំខាន់ទៅលើ វិស័យអេកូ-ទេសចរណ៍របស់កម្ពុជាមានសក្កានុពលខ្លាំងឡើង ដូចបណ្តាប្រទេសជិតខាង។ កម្មវិធីបុរសឯកមួយនេះ នឹងធ្វើការជម្រុញវប្បធម៌ខ្មែរ ទេសចរណ៍ខ្មែរ ឱ្យកាន់តែរីកចម្រើនទៅមុខ ធ្វើយ៉ាងណាឱ្យពិភពលោកងាមករកកម្ពុជា ជាគោលដៅទេសចរណ៍ទី១របស់ប្រជាពិភពលោក។

លោក កែវ វាសនា បានសង្កត់ធ្ងន់ថា ជយលាភី Mister Glam Cambodia 2023 នឹងដើរតួមួយផ្នែកសំខាន់ ក្នុងការជួយផ្សព្វផ្សាយក៏ដូចជាលើកតម្កើនវប្បធម៌ទេសចរណ៍កម្ពុជា មានភាពល្បីល្បាញជាងមុន ជាពិសេសនោះនឹងធ្វើការប្រកួតប្រជែងក្នុងតំបន់តែម្តង៕