(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សារណៈយោគយល់ ដើម្បីក្លាយជាដៃគូសហការ និងជាម្ចាស់ឧបត្ថម្ភកម្មវិថីផ្តាច់មុខរវាងផលិតកម្មកម្សាន្តធំៗចំនួន ៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកមហាព្រឹត្តិការណ៍ដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសនាពេលខាងមុខនេះ។

ផលិតកម្មធំៗទាំង ៣ រួមមាន៖ ផលិតកម្ម សាន់ដេ ផលិតកម្ម ហ្គាឡាក់ស៊ី និងផលិតកម្ម ថោន ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីនាំយកទស្សនីយភាពការប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស ជូនដល់ពុកម៉ែបងប្អូននាពេលឆាប់ៗនេះ។ លើសពីនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានសហការជាមួយផលិតកម្ម ថោន នាំយកមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី៣ ដែលនឹងធ្វើដំណើរជុំវិញខេត្តក្រុង ហើយមានកីឡាករគុនខ្មែរខ្លាំងៗត្រៀមប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC ផងដែរ។

ភាពជាដៃគូយុទ្ធសាស្រ្តរវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងផលិតកម្មទាំងបី គឺជាជំហានដ៏សំខាន់មួយក្នុងការនាំយកការប្រគំតន្ត្រីខ្នាតយក្ស រួមជាមួយនឹងប្រដាល់គុនខ្មែរទៅឱ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយ និងបទពិសោធន៍កំសាន្តថ្មីប្លែកៗ ទៅបម្រើអារម្មណ៍ដល់បងប្អូនតាមបណ្តាខេត្តក្រុងជាច្រើននៅកម្ពុជា៕