(បរទេស)៖ មនុស្សប្រហែល ១៨០,០០០នាក់ បានដើរដង្ហែជាក្បួនមួយ ដែលគេឲ្យឈ្មោះថា «Pride» ដោយឆ្លងកាត់ទីក្រុងតៃប៉ិកាលពីសប្ហាហ៍មុននេះ ដើម្បីជាការអបអរសាទរដល់អ្នកស្រឡាញ់ភេទដូចគ្នា ដែលគេហៅថា សហគមន៍ LGBTQ+ ដោយសម្លៀកបំពាក់ពណ៌ឥន្ទធនូ និងមានទាំងអ្នកដើរ អ្នករាំ និងសម្ដែង Show ពិសេសៗផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes។

តាមរយៈព្រឹត្តិការណ៍នេះ គេសង្កេតឃើញថា តាមបណ្ដាផ្លូវនានានៃកណ្តាលទីក្រុងតៃប៉ិ ត្រូវបានប្រមូលផ្តុំដោយមនុស្សម្នាជាច្រើន ដែលនេះជាគឺជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញដល់សាធារណៈជនថា សហគមន៍ LGBTQ+ មិនមានអ្វីខុសគ្នាពីភេទប្រុស និងស្រីដែរ ហើយសង្ឃឹមថា ពិភពលោកនឹងបើកចិត្តទទួលយកពួកគេកាន់តែច្រើន។ ខណៈអ្នករៀបចំបានដាក់ចំនួនអ្នកចូលរួមប្រមាណ ១៧៦,០០០នាក់ ក្នុងនោះមានជនបរទេសជា ច្រើននាក់បានចូលរួមផងដែរ។

សរសេរនៅលើគេហទំព័រ Facebook ផ្លូវការបស់ខ្លួន មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានលើកឡើងយ៉ាងដូច្នេះថា «ក្រោមឆ័ត្រនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់តៃវ៉ាន់ យើងរៀនទទួលយកលក្ខណៈសម្បត្តិរបស់មនុស្សគ្រប់រូប និងគោរពភាពខុសគ្នារបស់មនុស្សគ្រប់គ្នា»

គួរជម្រាបថា កោះតៃវ៉ាន់បានក្លាយជារដ្ឋដំបូងគេនៅអាស៊ី ដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ ចាប់តាំងពីឆ្នាំ២០១៩ ខណៈការស្រឡាញ់ភេទដូចគ្នា នៅតែខុសច្បាប់នៅក្នុងប្រទេសជាច្រើន លើពិភពលោក៕