(បរទេស)៖ ថ្មីៗនេះ Meta ប្រកាសចេញគម្រោងគណនី Premium ថ្មីទាំងនៅលើ Facebook និង Instagram ដែលតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់ប្រចាំខែខ្ទង់ ១៤ដុល្លារដើម្បីអាចគ្រប់គ្រងទិន្នន័យបានដោយខ្លួនឯង និងគ្មានជម្រើសផ្សាយពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ដូចពាក្យចាស់មួយឃ្លាលោកពោលថា «ប្រសិនបើអ្នកមិនបង់ប្រាក់សម្រាប់ផលិតផល នោះអ្នកគឺជាផលិតផល» ហើយឥឡូវនេះ Meta កំពុងផ្តល់ឱ្យអ្នកប្រើប្រាស់ជាច្រើននូវជម្រើសគ្រប់គ្រង់ទិន្នន័យដោយខ្លួនឯង។ មានន័យថា ជម្រើសបង់ប្រាក់អ្នកប្រើប្រាស់នឹងមានសិទ្ធិបិទនូវមុខងារផ្សាយពាណិជ្ជកម្មនានា ដែលមុខងារទាំងនេះពេលខ្លះប្រើមិនត្រូវនឹងទាញប្រយោជន៍ពីអ្នកប្រើប្រាស់ត្រឡប់វិញ ជាក់ស្តែងដូចការលួចយកទិន្នន័យឯកជាដើម។

យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា Meta នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅអឺរ៉ុបដំបូងគេដែលទទួលបាននូវការគ្រប់គ្រងទិន្នន័យរបស់ពួកគេបន្ថែមទៀតដោយមិនមានការកំណត់គោលដៅផ្សាយពាណិជ្ជកម្មនៅលើ Facebook និង Instagram នោះឡើយ ជាថ្នូរនឹងថ្លៃសេវាប្រចាំខែ។ តាមរយៈការដាក់ចេញនេះសម្រាប់អ្នកប្រើប្រាស់នៅអឺរ៉ុប តំបន់សេដ្ឋកិច្ចអឺរ៉ុប និងនៅ Switzerland ឥឡូវនេះទទួលបាននូវជម្រើសបង់ប្រាក់ ១០.៦១ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ (Website) និង ១៣.៨០ដុល្លារក្នុងមួយខែសម្រាប់ស្មាតហ្វូន iOS និង Anndroid។

គួរជម្រាបដែរថា តម្លៃសេវាខាងលើនេះនឹងគ្របដណ្តប់ទាំងនៅលើគណនី Facebook និង Instagram ដែលបានភ្ជាប់ Link ជាមួយគ្នា និងជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់តែមួយ ខណៈតម្លៃនេះនឹងនៅថេររហូតដល់ថ្លៃទី០១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីថ្ងៃកំណត់នោះទៅនឹងមានការផ្លាស់ប្តូរតម្លៃបន្ថែមទៀតអាស្រ័យទៅតាមក្រុមហ៊ុន៕