(ភ្នំពេញ)៖ ក្រុមកីឡាវាយសីអាយុក្រោម ១៥ឆ្នាំកម្ពុជា ដណ្ដើមបានឈ្នះមេដាយប្រាក់ ១គ្រឿងហើយ ក្នុងការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែតុលានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

មេដាយប្រាក់បើកឆាក ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនថ្នាក់តំបន់លើកដំបូងនៅកម្ពុជានេះ ដណ្ដើមបានលើវិញ្ញាសាក្រុមចម្រុះ(Mixed Team) ដែលក្រុមកម្ពុជា មានកីឡាករ អូន បញ្ញារិទ្ធ, កីឡាករ រតនា វីរៈស័ក្ដិ, កីឡាការិនី លឿង ម៉ាលីណែត និងកីឡាការិនី គុយ កន្និកា ។ រីឯមេដាយមាស បានទៅក្រុមមីយ៉ាន់ម៉ា និងមេដាយសំរឹទ្ធ បានទៅក្រុមទីម័រខាងកើត ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានចាត់ទុកមេដាយដំបូងនេះ គឺជាសមិទ្ធផលថ្មីមួយ សម្រាប់ធនធនបន្ដវេនកម្ពុជា ដ្បិតជាលើកដំបូង ដែលពួកគេចូលរួមប្រកួតលក្ខណៈអន្ដរជាតិ ។ ដូច្នេះលទ្ធផលនេះ នឹងក្លាយជាកម្លាំងចិត្ត ដើម្បីជំរុញពួកគេឲ្យកាន់តែខំប្រឹងហ្វឹកហាត់ និងរីកចម្រើន ឈានទៅរកការប្រកួតប្រជែងកម្រិតខ្ពស់នាថ្ងៃអនាគត ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 នៅកម្ពុជានេះ គឺមានប្រតិភូ និងអត្តពលិក ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត ដែលការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ី ៕