(បរទេស)៖ យោងតាមរបាយការណ៍របស់ Luminate បានឲ្យដឹងថា បទចម្រៀងឆ្នាំ១៩៨៩ របស់ Taylor Swift ទទួលបានការទិញរហូតដល់ជាងកន្លះលានឈុត នៅក្នុងសហរដ្ឋអាមេរិក ក្រោយចេញលក់បានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ បទចម្រៀងក្នុងអាល់ប៊ុមនេះត្រូវបានចូលស្ដាប់ និងទស្សនាសរុប ២២០លានដង លើវេទិកាអនឡាញផ្សេងៗ។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រព័ត៌មាន Billboard នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

អាល់ប៊ុម «1989» ដែលទើបចេញថ្មីរបស់ Taylor Swift បានលក់ដាច់ច្រើនជាង ៥៥ម៉ឺនឈុត នៅសហរដ្ឋអាមេរិកក្នុងរយៈពេលបីថ្ងៃដំបូង ដែលចេញលក់ចាប់ពីថ្ងៃទី ២៧ដល់២៩ ខែតុលា។ តាមរយៈតួលេខនេះ បានធ្វើឲ្យវា ក្លាយជាអាល់ប៊ុមដែលលក់ដាច់បំផុត លំដាប់ទី២ក្នុងឆ្នាំនេះ ខណៈអាល់ប៊ុមដែលលក់ដាច់បំផុតលំដាប់ទី១ ក៏ជារបស់ Taylor Swift ដូចគ្នា គឺអាល់ប៊ុម «Speak Now (Taylor’s Version)» ដែលអាចលក់ដាច់ ៥៧ម៉ឺនឈុតនៅសប្ដាហ៍ដំបូង។

គួរបញ្ជាក់ថា អាល់ប៊ុមឆ្នាំ១៩៨៩ (Taylor’s Version) រួមមានបទចម្រៀង២១បទ ទាំងបទថ្មី និងបទល្បីចាស់ៗរបស់ Taylor Swift ដែលត្រូវបានថតឡើងវិញដូចជាបទ «Shake It Off», «Blank Space» និងបទ «Bad Blood» ជាដើម។ អាល់ប៊ុមនេះត្រូវបានចេញរយៈពេល ៩ឆ្នាំ បន្ទាប់ពីអាល់ប៊ុម «1989» version ដើមបានចេញកាលពីឆ្នាំ២០១៤៕