(ព្រះសីហនុ)៖ ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា (CBC) បានបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដោយបានរៀបចំសិក្ខាសាលានៅសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តព្រះសីហនុ។

សិក្ខាសាលាមានការចូលរួមយ៉ាងអធិកអធម ពីសំណាក់សិស្សនិស្សិតចំនួន ១៥០នាក់ ដែលក្នុងនោះរួមមាន និស្សិតដែលកំពុងសិក្សាជំនាញផ្នែកគ្រប់គ្រងធុរកិច្ច ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ គ្រប់គ្រងទូទៅ ធនាគារនិងហិរញ្ញវត្ថុ និងទីផ្សារ។។

សិក្ខាសាលានេះផ្តោតលើតួនាទីរបស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគ្រប់គ្រងហានិភ័យឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ ដែលមានគោលបំណងបំពាក់បំប៉នដល់និស្សិតនូវចំណេះដឹងសំខាន់ៗសម្រាប់សុខភាពហិរញ្ញវត្ថុ។ ជាមួយគ្នានេះលោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងលោកស្រី សេង សុភា នាយកសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្ដព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដ៏មានគុណតម្លៃនេះ ផងដែរ។

លោក អឿ សុធារ័ត្ន បានលើកឡើងថា «ការប្តេជ្ញាចិត្តរបស់ ស៊ីប៊ីស៊ី លើសពីការធ្វើឱ្យប្រសើរឡើងនៃបរិយាបន្នហិរញ្ញវត្ថុ។ យើងខិតខំពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ រៀបចំរូបវន្ដបុគ្គលម្នាក់ៗដើម្បីរុករកនូវទិដ្ឋភាពឥណទានប្រកបដោយការទទួលខុសត្រូវ។ សិក្ខាសាលានេះគឺជាសក្ខីភាពនៃភាពជាដៃគូរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងការអប់រំក្រៅប្រព័ន្ធ»

លោកស្រី សេង សុភា បានបន្ថែមថា «យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ ស៊ីប៊ីស៊ី ដើម្បីពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សិស្សនិស្សិតរបស់យើង ដែលជាជំនាញបំណិនជីវិតដ៏សំខាន់ដែលនឹងជួយដល់ពួកគេផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ»

និស្សិតម្នាក់ដែលបានចូលរួមឈ្មោះ ស៊ុន ឆវន្ដ ពិតជារំភើបចំពោះគំនិតផ្ដួចផ្ដើមនេះ ព្រមទាំងបានលើកឡើងថា «វាជាឱកាសដ៏ល្អសម្រាប់យើងក្នុងការយល់ដឹងពីពិភពហិរញ្ញវត្ថុឱ្យកាន់តែច្បាស់។ ខ្ញុំទន្ទឹងរង់ចាំព្រឹត្តិការណ៍បែបនេះបន្ថែមទៀត»

គួរបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់របស់ ស៊ីប៊ីស៊ី ចំពោះកិច្ចការសង្គម គឺបង្ហាញឱ្យឃើញនៅក្នុងការរៀបចំសិក្ខាសាលាជាប្រចាំរបស់ខ្លួនសម្រាប់សិស្សនិស្សិតនៅទូទាំងខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដោយស្របតាម «យុទ្ធសាស្រ្តថ្នាក់ជាតិ ស្ដីអំពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៦ ដល់ឆ្នាំ ២០២៥»

ស៊ីប៊ីស៊ី នៅតែបន្តចូលរួមចំណែកក្នុងការពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន៕