(អាហ្សង់ទីន)៖ ខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិអាហ្សង់ទីន និងក្លិប Inter Miami កីឡាករ Lionel Messi នៅពេលនេះបានក្លាយជាបុគ្គលតែម្នាក់គត់ដែលឈ្នះពានរង្វាន់ Ballon d’Or ច្រើនជាងគេដល់ ៨លើកក្នុងប្រវត្តិសាស្ត្របាល់ទាត់លើពិភពលោក បន្ទាប់ពីទទួលបានសម្លេងការបោះឆ្នោតគាំទ្រច្រើនឈានទៅឈ្នះពានរង្វាន់ Ballon d’Or 2023 ដែលធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង។

បុរសវ័យ ៣៦ឆ្នាំ Messi ត្រូវបានកត់ត្រាក្នុងបញ្ជីកំណត់ត្រា នាមជាកីឡាករអន្តរជាតិសញ្ជាតិអាហ្សង់ទីន ដែលបានឈ្នះពាននេះលើកដំបូងចាប់តាំងពីឆ្នាំ២០០៩ ដល់២០១២ ក្នុងរយៈពេល ៤ឆ្នាំជាប់គ្នា ហើយបានបន្តយកបាននៅឆ្នាំ២០១៥, ២០១៩, ២០២១ និងឆ្នាំ២០២៣ នាមជាកីឡាករដែលបានជួយក្រុមជម្រើសជាតិឈ្នះពាន FIFA World Cup 2022 នៅកាតា។

ស្ថិតក្នុងពេលវេលានេះផងដែរ កីឡាការិនី Aitana Bonmati ក៏បានឈ្នះពាន Ballon d’Or ផ្នែកកីឡាការិនី ជាសមាជិកក្លិប FC Barcelona និងជម្រើសជាតិអេស្ប៉ាញ។

ស្ថិតក្នុងរដូវកាល២០២៣ នេះ កីឡាករវ័យក្មេង Jude Bellingham បានឈ្នះពាន Kopa Trophy នាមជាកីឡាករលេងល្អបំផុតកម្រិតពិភពលោក ស្ថិតក្នុងវ័យក្រោម ២១ឆ្នាំ, ហើយខ្សែប្រយុទ្ធ Erling Haaland បានឈ្នះពានរង្វាន់ Gerd Muller Trophy នាមជាកីឡាករខ្សែប្រយុទ្ធស៊ុតបានច្រើនគ្រាប់ជាងគេនារដុវកាលមុន រកបានសរុប ៥២គ្រាប់។

សូមបញ្ជាក់ផងថា សម្រាប់ម្ចាស់ពានរង្វាន់បាល់មាស (Ballon d’Or) អ្នកឈ្នះដំបូងគេ គឺលោក Stanley Matthews សញ្ជាតិអង់គ្លេស នៅឆ្នាំ១៩៥៦ នាមជាកីឡាកររបស់ក្លិប Blackpool ខណៈ Messi ជាកីឡាករអន្តរជាតិអាហ្សង់ទីន មកពីតំបន់អាមេរិកខាងត្បូងតែម្នាក់គត់ដែលឈ្នះពានរង្វាន់នេះច្រើនលើកជាងគេក្នុងបញ្ជីកត់ត្រាដែលសំបូរដោយកីឡាករតំបន់អឺរ៉ុប ដូចមានខ្សែប្រយុទ្ធ Cristiano Ronaldo ឈរលេខ២ ឈ្នះពាន Ballon d’Or បានចំនួន ៥លើក៕