(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតជូន លោក តាន់ សែឆាយ ប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា Wine Spirit & Beer Importers and Distributors Association (WSBIDA) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះដែរ លោកស្រី ចម និម្មល បានជម្រាបជូនអំពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។

សូមបញ្ជាក់ថា សមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា គឺជាសមាគមក្នុងស្រុក ដែលមានការទទួលស្គាល់និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែកក្កដា ឆ្នាំ២០២២។ បច្ចុប្បន្នសមាគមមានសមាជិកចំនួន ១០ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (ATTWOOD IMPORT EXPORT) , ភើណូដ រីខាដ (ខេមបូដ) PERNOD RICARD (CAMBODGE), ស៊ូភើ រីថេល (SUPER RETAIL CO., LTD) , ឡេ សែល្យេ ដាស៊ី LES CELLIERS D'ASIE (S.A.R.L) , អាយ.ឃ្យូ.ភី.អេស.ត្រេឌីង ( I.Q.P.S. TRADING Co., Ltd.) , រ៉ូហ្វា ខេម គ្រុប ( ROFFA CAM GROUP CO., LTD.) , ដឹ វ៉ាញ មើឆិន (THE WINE MERCHANTS CO., LTD. ), ថាលៀសហូពីថលីធីគ្រុប (THALIAS HOSPITALITY GROUP) , អ៊ស ខ្មែរ អ៊ីមផត អិចផត (AUS KHMER IMPORT EXPORT CO., LTD. ) និង អេចប៊ីស៊ី អិនធឺប្រាយ លីមីធីត (HBC Enterprise Limited)។

ជាថ្មីម្ដងទៀត គោលបំណងចម្បងៗរបស់សមាគម គឺជំរុញនិងគាំទ្រកិច្ចសហការក្នុងចំណោមក្រុមហ៊ុនជាសមាជិកសមាគម ឱ្យមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ចូលរួមលើកកម្ពស់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន  និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការរកវិធីសាស្ត្រដើម្បីជួយសម្របសម្រួលគាំទ្រដល់ក្រុមហ៊ុនសមាជិក និងចូលរួមជាមួយវិស័យឯកជន ឬស្ថាប័នពាក់ព័ន្ធនានា ដើម្បីផ្សព្វផ្សាយ អនុវត្តច្បាប់ និងបទបញ្ញត្តិជាធរមាន ដូចជា ច្បាប់ស្តីពីម៉ាកពាណិជ្ជនាម កម្មសិទ្ធិបញ្ញា ការប្រកួតប្រជែងមិនស្មោះត្រង់ និងការនាំចូល ។ល។

សមាគមមានទីតាំងនៅមជ្ឍមណ្ឌលពាណិជ្ជកម្មអ៊ែតវូត ជាន់ទី៤ ផ្លូវសហព័ន្ធរុស្សី និងមានលេខទំនាក់ទំនង ០៧០ ៩៩៩ ៧៣៧៕