(ប៉ារ៉ានខាស)៖ មន្ត្រីយោធា និងក្រុមមន្ត្រីប៉ូលិសមួយក្រុមធំ បាននិងកំពុងធ្វើការស្វែងរក នៅក្នុងប្រទេសកូឡុំប៊ី ទៅលើឪពុករបស់ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Luis Daiz ជាមួយនឹងអាជ្ញាធរបានប្រកាសផ្តល់ប្រាក់រង្វាន់ ចំនួន៤០,០០០ផោន សម្រាប់អ្នកផ្តល់ព័ត៌មានឈានដល់ការជួយសង្គ្រោះលោក។

ប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមទាហានជាង ១២០នាក់ បូករួមនឹងក្រុមប៉ូលិស បានធ្វើការស្វែងរកនៅភាគខាងជើងប្រទេសកូឡុំប៊ី លោក Luis Manuel Diaz នៅថ្ងៃអាទិត្យ, បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានបុរសមួយក្រុមប្រដាប់ដោយអាវុធ បានចាប់យករូបលោក និងប្រពន្ធរបស់លោក។

ខណៈម្តាយរបស់កីឡាករ គឺអ្នកស្រី Cilenis Marulanda ត្រូវបានគេរកឃើញ នៅតំបន់ Barrancas កាលពីថ្ងៃសៅរ៍ ជាមួយគ្នានោះកីឡាករ Diaz បានអវត្តមានពីក្រុម Liverpool នៅជំនួបដែលបានយកឈ្នះលើក្រុម Nottingham Forest នៅថ្ងៃអាទិត្យ ក្នុងលទ្ធផល ៣-០។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានលើកឡើងថា «កងកម្លាំងសាធារណៈទាំងអស់ ត្រូវបានដាក់ពង្រាយ» ដើម្បីស្វែងរកឪពុករបស់កីឡាករ Diaz, ក្នុងនោះកម្លាំងយោធា បានលើកឡើងថា ខ្លួនបានបិទផ្លូវ និងបានពង្រាយកម្លាំង, យន្តហោះគ្មានមនុស្សបើក, ឧទ្ធម្ភាគចក្រ និងយន្តហោះមួយគ្រឿងបំពាក់ដោយប្រព័ន្ធរ៉ាដា ក្នុងការស្វែងរកលោក Luis Manuel Diaz។

អាជ្ញាធរកូឡុំប៊ី មិនបានផ្តល់នូវព័ត៌មានលម្អិត អំពីការចាប់ជំរិតនោះទេ, ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានចេញផ្សាយថា ម្តាយ និងឪពុករបស់កីឡាករ Diaz ត្រូវបានបុរសមួយក្រុមប្រដាប់ដោយអាវុធ ចាប់ជំរិតដឹកតាមម៉ូតូ នៅស្ថានីយប្រេងឥន្ទនៈមួយកន្លែង ក្នុងតំបន់ Barrancas ជាស្រុកកំណើតរបស់ពួកគេ ដែលស្ថិតនៅភាគខាងជើងប្រទេសកូឡុំប៊ី៕