(បរទេស)៖ ទីបំផុតស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Huawei ម៉ូដែល Nova 11 SE នឹងចេញលក់នៅក្នុងទីផ្សារប្រទេសចិនជាផ្លូវការនៅថ្ងៃនេះហើយ ពោលគឺនៅថ្ងៃទី៣១ ខែតុលា នេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

យោងតាមការចុះបញ្ជីនៅលើ Geekbench ស្មាតហ្វូន Huawei nova 11 SE នឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Qualcomm Snapdragon (ដែលមិនបញ្ចេញឈ្មោះ) ដែលមានកម្រិតល្បឿន 1.80GHz ភ្ជាប់ជាមួយ RAM ទំហំ ៨ជីហ្គាបៃ។ ស្មាតហ្វូនសេរ៊ីថ្មីនេះក៏នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12 ចេញពីប្រអប់ផងដែរ។

យ៉ាងណាមិញបើតាមពាក្យចចាមអារ៉ាមកន្លងមក អំពីលក្ខណៈពិសេសផ្សេងទៀតរបស់ Huawei nova 11 SE បានបង្ហាញថាវានឹងបំពាក់ដោយអេក្រង់ OLED ទំហំ ៦.៦៧អ៊ីញជាមួយនឹងអត្រា refresh rate 120Hz ប្រព័ន្ធកាមេរ៉ាខាងក្រោយទំហំ ៥០មេហ្គាភិចស៊ែ និងកាមេរ៉ាខាងមុខទំហំ ១៦មេហ្គាភិចស៊ែ។ ម៉ូដែលនេះក៏ត្រូវបានគេរំពឹងថានឹងចេញមកជាមួយនឹងថាមពលថ្មទំហំ ៤៥០០មីលីអំពែម៉ោងជាមួយនឹងការគាំទ្រកម្រិតសាកថ្មរហូតដល់ ៦៦វ៉ាត់ឯណោះ។

គួរបញ្ជាក់ដែរថា ចំពោះតម្លៃ នឹងមុខងារលម្អិតផ្សេងទៀត Huawei នៅមិនទាន់បញ្ជាក់នៅឡើយនោះទេ ដូច្នេះមានតែរង់ចាំមើលការប្រកាសចេញជាផ្លូវការនៅថ្ងៃនេះតែម្តង៕