(ភ្នំពេញ)៖ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ បានប្រកាសជាផ្លូវការ ដោយមិនបន្ដកិច្ចសន្យាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ដែលជាអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបអ្នកមានបុណ្យ FC Barcelona និងជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) ឡើយ ។

នេះគឺជាព័ត៌មានដ៏រសើបមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា បន្ទាប់ពីមានព័ត៌មានចរចាមអារ៉ាមជាបន្ដបន្ទាប់ មុន CPL ប្រកាសផ្លូវការនាពេលនេះ ។ លោក Satoshi Saito ត្រូវបានប្រកាសតែងតាំងជានាយកប្រតិបត្តិ CPL កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលមកទល់ពេលនេះ មានរយៈពេលជាង ២ឆ្នាំហើយ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CPL បានបញ្ជាក់ថា «ក្រុមហ៊ុនខេមបូឌានមៀលីគ នឹងធ្វើការកំណែរទំរង់លើរចនាសម្ព័នម្ចាស់ភាគហ៊ុន ឲ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន។ កំណែរទំរង់នេះគឺធ្វើឡើងដើម្បីឲ្យក្លិបជាសមាជិកមានសំលេងភាគច្រើនក្នុងក្រុមព្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ»

«នៅក្នុងកំណែរទំរង់នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀលីគ នឹងមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ក្រោយកុងត្រា គាត់ត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ ដោយក្រុមព្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…..) ឲ្យទៅក្រុមព្រឹក្សាភិបាលថ្មីក្រោយធ្វើការកំណែរទំរង់»

ដូច្នេះអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់ ។ នេះបើយោងតាមខ្លឹមសារសេចក្ដីប្រកាសព័ត៌មានខាងលើ ៕