(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Samsung Electronic បានប្រកាសបង្ហាញនូវស្មាតហ្វូនអេក្រង់បត់ថ្មី Galaxy Z Flip5 Retro ជាមួយនឹងចំនួនផលិតមានកំណត់ ដែលវាមានការឌីហ្សាញដ៏អស្ចារ្យបញ្ចូលគ្នាទៅនឹងស្មាតហ្វូនចល័តម៉ូដែល SGH-E700 ស៊េរីឆ្នាំ២០០៣ របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

Galaxy Z Flip5 Retro នេះមានលក្ខណៈពិសេសដូចគ្នាបេះបិទទៅនឹង E700 ដោយវាមានរំលេចដោយអក្សរផ្សេងៗនៅគម្របអេក្រង់ពណ៌ខៀវ ជាមួយនឹងតួខ្លួនពណ៌ទឹកប្រាក់។ ស្មាតហ្វូនអេក្រង់បត់ថ្មីនេះត្រូវបានគេឱ្យដឹងថា ផលិតឡើងក្នុងគោលបំណងរំលឹកទៅអតីតកាលស្មាតហ្វូនចល័តម៉ូដែល E700 ដែលទទួលបានកាលគាំទ្រខ្លាំងបើធៀបទៅនឹងពេលវេលាចេញលក់ដំបូងក្នុងឆ្នាំ២០០៣ ដែលគិតមកទល់ពេលនេះមានរយៈពេល ២០ឆ្នាំហើយនៃសម័យកាលបច្ចេកវិទ្យាជឿនលឿន។

លើសពីនេះទៅទៀត Samsung បានលើកឡើងថា ខ្លួននឹងរៀបចំវេចខ្ចប់ជាពិសេសសម្រាប់អតិថិជនទាំងអស់ដែលជាវ Galaxy Z Flip5 Retro នេះជាមួយនឹងការផ្តល់ជូននូវ Flipsuit Case, Flipsuit Cards, Logo នៃស្មាតហ្វូនអេក្រង់បត់ និងមាន Sticker កាលពីសម័យមុនរបស់ក្រុមហ៊ុនថែមទៀតផង។

គួរបញ្ជាក់ដែលថា ស្មាតហ្វូននេះនឹងចេញលក់ក្នុងចំនួនមានកំណត់ដែលមានសម្រាប់ប្រទេសអូស្ត្រាលី បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង អេស្ប៉ាញ និងចក្រភពអង់គ្លេសដំបូងគេ តាមរយៈគេហទំព័ររបស់ Samsung តែប៉ុណ្ណោះ ហើយនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។ ចំពោះបណ្តាប្រទេសផ្សេងទៀត ក៏ដូចជាតម្លៃដាក់លក់នៅមិនទាន់មានការបង្ហាញនៅឡើយនោះទេ៕