(ភ្នំពេញ)៖ អបអរសាទរ ក្រុមកីឡាករប្រណាំងទូកនាគកម្ពុជា បានឈ្នះមេដាយមាសលើកដំបូង ពីព្រឹត្តិការណ៍ពអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន ១៨ចូលរួមប្រកួត, នេះបើតាមប្រភពពីអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ប្រភពពីអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងទៀតថា ស្ថិតក្នុងការចូលរួមប្រកួតនេះ នៅក្នុងវគ្គជុំទី១ (Heat) ក្រុមទូកនាគកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ និងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi final) ដែលក្រុមទូកនាគកម្ពុជា នៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ ទៀត ដែលនាំឱ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ (final) ក្រុមទូកនាគកម្ពុជាប្រជែងយកបានលេខ១ តំបន់មេដាយមាស។

ជាមួយគ្នានេះ កញ្ញា មាស តឿ អគ្គហេរញ្ញិកសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ពីការប្រកួតកីឡាទូកនាគអន្តរជាតិលើកទី៩ ឆ្នាំ២០២៣ នេះជាលើកដំបូងសម្រាប់កម្ពុជាការប្រកួតកីឡាទូកនាគអន្តរជាតិបានចាប់ផ្តើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងSarawak ប្រទេសម៉ាឡេស៊ី ដោយមានប្រទេសចំនួន១៨ ចូលរួម។

ក្នុងនោះរួមមាន ម្ចាស់ផ្ទះម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កាតា, អេស្ប៉ាញ, ហុងកុង, ចិន, ឥណ្ឌូណេស៊ី, ព្រុយណេ, កោះតៃវ៉ាន់, រុស្ស៊ី, ចក្រភពអង់គ្លេស, អូស្ត្រាលី, សហរដ្ឋអាម៉េរិក, ហ្វីលីពីន, ថៃ,អៀរឡង់,ជប៉ុន និងកម្ពុជា។ សម្រាប់កម្ពុជា គឺមានការដឹកនាំដោយឯកឧត្តមបណ្ឌិត មាស សារិន ប្រធានប្រតិភូ និងរួមដំណើរជាមួយគ្រូបង្វឹក ៣រូប និងកីឡាករ ១៤រូប ហើយការ ដណ្តើមបានមេដាយមាស ០១គ្រឿងនេះ ធ្វើបានលើវិញ្ញសា ៣០០ម ចំណុះ ១២នាក់ បុរស៕