(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Tata Group បានទិញយកអង្គភាពផលិតនៅឥណ្ឌារបស់ Wistron ក្នុងតម្លៃប្រមាណ ១២៥លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនឥណ្ឌាដំបូងគេដែលផលិត iPhone នៅក្នុងប្រទេសឥណ្ឌាសម្រាប់ទីផ្សារក្នុងស្រុក និងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយថា Apple បានផលិត និងដំឡើង iPhone នៅក្នុងប្រទេសឥណ្ឌាជាងកន្លះទស្សវត្សមកហើយ ដោយ iPhone ដំបូងបង្អស់ដែលបានដាក់សម្គាល់ «Made in India» គឺជា iPhone SE ដែលផលិតដោយក្រុមហ៊ុនឥណ្ឌា Foxconn ក្នុងឆ្នាំ២០១៧។ ក្រៅនេះពី Apple នៅមានដៃគូសហការចំនួនពីទៀតនៅក្នុងប្រទេសឥណ្ឌាសម្រាប់ផលិត iPhone គឺ Pegatron និង Wistron។

តែយ៉ាងមិញតាមរយៈរបាយការណ៍ចុងក្រោយនេះ Wistron នឹងចាកចេញពីអាជីវកម្ម iPhone នៅក្នុងប្រទេសឥណ្ឌាហើយ ដោយភាគហ៊ុន ១០០ភាគរយរបស់ខ្លួននឹងត្រូវបានទិញយកដោយ Tata Electronics Private Limited(TEPL) ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនឥណ្ឌាដំបូងគេដែលផលិត iPhone។ ចំពោះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនេះរួមមានរោងចក្ររបស់ Wistron នៅទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា ជាកន្លែងដែលកំពុងផលិត iPhones របស់ Apple នាពេលបច្ចុប្បន្ននេះ។

គួរជម្រាបដែរថា Tata Group គឺជាក្រុមហ៊ុនដែលមានអាយុកាលខ្ទង់ ១៥៥ឆ្នាំមកហើយ ដែលមានអាជីវកម្មរាប់ចាប់ពីការលក់អំបិល ការផលិតដែក នឹងរហូតដល់សេវាកម្មប្រឹក្សាបច្ចេកទេស។ ក្រុមហ៊ុននេះបានធ្វើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនពិភពលោកជាច្រើន រួមទាំង Starbucks មិនត្រឹមតែប៉ុណ្ណោះក៏បានប្រកាសពីផែនការបើកដំណើរការហាង Apple ចំនួន១០០ នៅក្នុងទីផ្សារអាស៊ីខាងត្បូងផងដែរ។ ដូច្នេះកិច្ចព្រមព្រៀងចុងក្រោយនេះយើងនឹងឃើញរាល់ការផលិត iPhone ដែលបានដំឡើងនៅក្នុងប្រទេសឥណ្ឌានឹងឃើញសម្គាល់ «Made in India» ទាំងអស់តែម្តងចាប់តាំងពីកិច្ចព្រមព្រៀងនេះតទៅ៕