(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលគាំទ្រដោយសហព័ន្ធកីឡាវាយសីអាស៊ី (BA) បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកមកពី ៥ប្រទេសចូលរួម គឺមម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ។

ពិធីបើកការប្រកួតជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំថ្នាក់តំបន់នេះ បានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Wajid Ali ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កីឡាវាយសី នៃសហព័ន្ធកីឡាវាយសីអាស៊ី និងវត្តមានប្រតិភូ អត្តពលិក និងទស្សនិកជាច្រើនផងដែរ ។

លោក លី កុសល មានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាពឲ្យកាន់តែរឹងមាំ និងទូលំទូលាយ រវាងថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីក្នុងតំបន់ ពិសេសចែករំលែកបទពិសោធន៍ និងបច្ចេកទេសល្អៗ និងជំរុញទឹកចិត្តដល់អត្តពលិកទាំងអស់ឲ្យមានឆន្ទៈមុះមុត ស្មារីរឹងមាំ ឈានទៅរកគោលដៅពិតប្រាកដ គឺការដណ្ដើមមេដាយមាសជូនប្រទេសជាតិខ្លួន ។

លោកថា ការប្រកួតនេះ អាចប្រព្រឹត្តទៅបាន ដោយសារមានការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ BA ។ លើសពីនេះ សហព័ន្ធកីឡាវាយសីអន្ដរជាតិ មិនត្រឹមតែផ្ដល់ថវិកាសម្រាប់បម្រើឲ្យការប្រកួតនោះទេ ថែមទាំងបញ្ជូនមន្ដ្រីបច្ចេកទេស ដូចជាអាជ្ញាកណ្ដាល និង Umpires ជាដើម មកកម្ពុជា ដើម្បីជួយរៀបចំការប្រកួតនេះឲ្យបានត្រឹមស្រមតាមនិយាមអន្ដរជាតិទៀតផង ។

ប្រធានសហព័ន្ធខាងលើបន្ថែមថា «កម្មវិធីប្រកួតលើកដំបូងនេះ ធ្វើឲ្យយើងកាន់តែយល់ច្បាស់ និងខិតខំកាន់តែជិតស្និត រវាងសហព័ន្ធកីឡាវាយសីកម្ពុជា និងសហព័ន្ធកីឡាវាយសីអន្ដរជាតិ ក៏ដូចជាបណ្ដាប្រទេសជាមិត្តដទៃទៀត បានបង្កើននូវចំណងមិត្ដភាព សាមគ្គីភាព និងកិច្ចសហការល្អ ក្នុងស្មារតីស្រលាញ់រាប់អានគ្នាកាន់តែជិតស្និទ្ន និងកក់ក្ដៅ ក្នុងនាមមហាគ្រួសារកីឡាវាយសីតែមួយនៃតំបន់អាស៊ីអាគ្នេយ៍នេះ»

«សហព័ន្ធកីឡាវាយសីកម្ពុជា ញញឹម និងសង្ឃឹមទុកជាមុនយ៉ាងមុតមាំថា សហព័ន្ធកីឡាវាយសីអាស៊ី(BA) និងសហព័ន្ធកីឡាវាយសីអន្ដរជាតិ(BWF) ជួយឧបត្ថម្ភគាំទ្រដល់ជំហរដឹកនាំរបស់កម្ពុជា ព្រមជាមួយនឹងការជួយផ្ដល់ថវិកា និងសម្ភារកីឡា ដើម្បីកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតលក្ខណៈអន្ដរជាតិលើកក្រោយទៀត» ។ លោក លី កុសល បន្ថែម ។

ជាមួយគ្នាដែរលោក Wajid Ali បានថ្លែងកោតសរសើរជាថ្មី ចំពោះភាពជោគជ័យនៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្មីៗ ហើយបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា សម្រាប់ការទទួលស្វាគមន៍ និងការរៀបចំព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 បានយ៉ាងល្អនាពេលនេះ ។ លោករំពឹងថា ការប្រកួតនេះ នឹងផ្ដល់នូវផលវិជ្ជមាន សម្រាប់វិស័យកីឡាវាយសីកម្ពុជា និងបណ្ដាប្រទេសចូលរួមផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកដំបូងនៅកម្ពុជានេះ គឺមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម ដែលគ្រោងដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ពុំមានលក់សំបុត្រនោះទេ ៕