(ឡុងដ៏)៖ ការប្រកួតលីគអង់គ្លេស Premier League ក្នុងសប្តាហ៍ទី១០ ក្រុមមេឃខៀវ Manchester City និងក្រុម Arsenal បន្តរកបាន ២៤ពិន្ទុស្មើគ្នា ក្រោយពេលជំនួប (Derby) បានបំបាក់ក្រុម Manchester United ៣-០ និងម្ចាស់ផ្ទះកាំភ្លើងធំយកឈ្នះក្រុម Sheffield United ៥-០ ខណៈខ្សែប្រយុទ្ធ Haaland កំពុងកើនគ្រាប់ស៊ុតដល់ ១១គ្រាប់ច្រើនជាងគេ។

ជាបណ្តោះអាសន្នខ្សែប្រយុទ្ធ Erling Haaland រកបាន ១១គ្រាប់ច្រើនជាងគេ ក្រោយពេលជួយក្រុម Man City រកបាន ៣ពិន្ទុបន្ថែម ដែលក្នុងជំនួបនេះរូបគេស៊ុតបាន ២គ្រាប់ និង ១គ្រាប់ធ្វើបានដោយកីឡាករ Phil Foden នៃជំនួបជើងទី១ បំបាក់ក្រុមបិសាចក្រហម Man United ៣-០ ក្នុងកីឡដ្ឋាន Old Trafford។

Man United ជាក្រុមម្ចាស់ផ្ទះការប្រកួតជើងទី១ ធ្វើបានតែ ៣៦ភាគរយក្នុងការគ្រប់គ្រងបាល់លើទីលាន និងស៊ុតចំគោលដៅតែ ៣លើកប៉ុណ្ណោះ និងជាក្រុមត្រូវបានអជ្ញាកណ្តាលចាយកាតលឿងដល់ទៅ៤ ក្នុងមួយប្រកួត ដែលស្ថិតក្រោមការដឹកនាំដោយលោក Erik Ten Hag នាំឲ្យក្រុមឈរលេខ៨ នៅមានតែ ១៥ពិន្ទុដដែល។

ដូច្នេះបញ្ចប់ប្រកួតសប្តាហ៍ទី១០ ជើងទី១ លីគអង់គ្លេស Premier League ក្រុមមាន់ខ្នាយមាស Tottenham ឈរកំពូលតារាងមាន ២៦ពិន្ទុ ហើយក្រុម Arsenal និង Manchester City រកបាន ២៤ពិន្ទុស្មើគ្នា ពេលដែលក្រុម Liverpool ក៏រកបាន ២៣ពិន្ទុនៃ ៤ក្រុមកំពូលតារាងជាបណ្តោះអាសន្ន៕