(ភ្នំពេញ)៖ ក្រុមបាត់តារាង គិរីវង់សុខសែនជ័យ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីយកឈ្នះក្រុមខ្លាំងភ្នំពេញក្រោន ដោយលទ្ធផល ១-០ លើទឹកដីខ្លួន ក្នុងជំនួបបញ្ចប់ជើងទី១ នៃលីគកំពូលកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ។ ជ័យជម្នះនេះ នាំឲ្យគិរីវង់ ស្គាល់ជ័យជម្នះលើកដំបូង និងឡើងឈរលេខរៀងទី៩ បណ្ដោះអាសន្ន ។

ការប្រកួតនៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខក្រុមភ្នំពេញក្រោន ១គ្រាប់មុន នៅចុងវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ Elsayed Mahaoud ។ បន្ទាប់មកភ្នំពេញក្រោន ក៏បានព្យាយាមវាយសម្រុកជាខ្លាំង ពិសេសនៅវគ្គទី២ តែមិនអាចបំបែករបាំងការពារក្រុមមាន់គក់បានឡើយ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញតែម្ដង ។

ជាមួយលទ្ធផលនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតភ្នំពេញក្រោន គឺជាក្រុមខ្លាំង ដែលកំពុងធ្វើបានល្អ ទាំងក្នុងលីគ ពិសេសនៅក្នុងយុទ្ធនាការប្រកួត AFC Cup 2023/24 ទាំងវគ្គជម្រុះ និងវគ្គចែកពូល ដែលពួកគេពុំទាន់ស្គាល់ចាញ់ និងរបូតគ្រាប់បាល់ឡើយ តែបែរជាមកភ្លាត់ចាញ់ ក្រុមគិរីវង់ ដែលជាក្រុមតែមួយគត់ មិនទាន់ស្គាល់ជ័យជម្នះក្នុងលីគទៅវិញ ។

ចំណែកលទ្ធផល ២គូផ្សេងទៀត ដែលទើបបញ្ចប់ដំណាលគ្នានៅល្ងាចថ្ងៃអាទិត្យនេះ គឺក្រុមវិសាខា យកឈ្នះក្រុមម្ចាស់ផ្ទះព្រៃវែង ២-០ ខណៈក្រុមអង្គរថាយហ្គឺរ ស្មើក្រុមភ្ញៀវណាហ្គាវើលដ៏ ០-០ នៅទឹកដីខេត្តសៀមរាប ។ រីឯការប្រកួតចុងក្រោយ សម្រាប់ជុំទី១ នៃលីគរដូវកាលឆ្នាំ២០២៣/២៤ គឺក្រុម ISI ដង្កោសែនជ័យ ជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នៅម៉ោង ៦ល្ងាចថ្ងៃទី២៩ ខែតុលានេះ ។

ផ្អែកលើលទ្ធផលការប្រកួតសប្ដាហ៍ទី៩ ចំនួន ៤ប្រកួតដែលបានបញ្ចប់ ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមក្រុមមិនស្គាល់ចាញ់ ឬស្មើ គឺរកបាន ២៧ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ទាប់ពីចាញ់លើកដំបូង គឺបានចាញ់ប្រៀបពិន្ទុក្រុមព្រះខ័នរាជស្វាយរៀងដល់ទៅ ៦ពិន្ទុ ដោយបន្ដឈរលេខ២ លើក្រុមវិសាខា ដែលមាន ១៨ពិន្ទុ ។ ក្រឡេកទៅចាប់អារម្មណ៍ក្រុមគិរីវង់ បានរំកិលមកឈរលេខ៩ ដោយមាន ៥ពិន្ទុ គ្រាដែលអង្គរថាយហ្គឺរ បានធ្លាក់ទៅឈរបាតតារាងវិញ ដោយរកបាន ៤ពិន្ទុក្នុងដៃ ៕