(ភ្នំពេញ)៖ អនីតិជន សំដៅទៅលើជនដែលមានអាយុក្រោម ១៨ ឆ្នាំ ហើយត្រូវបានច្បាប់សន្មតថា ជាជនដែលពុំមានសមត្ថភាពក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន (ខ្វះសមត្ថភាពខាងឆន្ទៈ) ហេតុនេះ អនីតិជន ត្រូវបានច្បាប់កម្រិតសមត្ថភាពក្នុងការចុះកិច្ចសន្យា និងបង្ហាញឆន្ទៈឱ្យមានអានុភាពតាមផ្លូវច្បាប់ (សកម្មភាពឯកតោភាគី) ដូចជាការបង្ហាញឆន្ទៈរំលាយកិច្ចសន្យា ឬលើកលែងកាតព្វកិច្ចចំពោះបុគ្គលណាមួយជាអាទិ៍។

ដូច្នេះថាតើ ការកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាពរបស់អនីតិជន មានន័យយ៉ាងដូចម្ដេច ?

ដើម្បីឱ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី សកម្មភាព (ចុះកិច្ចសន្យា និងសកម្មភាពឯកតោភាគី) របស់អនីតិជន មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។

ការកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាពរបស់អនីតិជន មានន័យថា អនីតិជន អាចចុះកិច្ចសន្យានានា បង្ហាញឆន្ទៈរំលាយកិច្ចសន្យា ឬលើកលែងកាតព្វកិច្ចចំពោះបុគ្គលណាមួយជាអាទិ៍បាន ដោយទទួលការយល់ព្រមពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន (ករណីគ្មានឪពុកម្តាយ ឬឪពុកម្តាយពុំអាចអនុវត្តអំណាចមេបាបាន) បើពុំដូច្នេះទេ កិច្ចសន្យាដែលអនីតិជនបានធ្វើ នឹងក្លាយជាមូលហេតុនៃការលុបចោល។

ឧទាហរណ៍៖ កុមារ A មានអាយុ ១៥ ឆ្នាំ បានចុះកិច្ចសន្យាលក់ទិញទូរស័ព្ទមួយគ្រឿង តម្លៃ ១.៥០០ ដុល្លារអាមេរិកជាមួយម្ចាស់ហាងលក់ទូរស័ព្ទមួយកន្លែង ដោយពុំមានការយល់ព្រមពីឪពុកម្តាយរបស់កុមារ A។ ក្នុងករណីនេះ កិច្ចសន្យាលក់ទិញរវាងកុមារ A និងហាងលក់ទូរស័ព្ទ បង្កើតអានុភាព ប៉ុន្តែដោយសារកុមារ A ជាអនីតិជន ហើយការលក់ទិញនេះ ពុំបានទទួលការយល់ព្រមពីឪពុកម្តាយរបស់កុមារ A នាំឱ្យក្លាយជាមូលហេតុនៃការលុបចោល។

ក្នុងករណីនេះ លុបចោល ឬមិនលុបចោលកិច្ចសន្យាលក់ទិញទូរស័ព្ទ ជាជម្រើសរបស់អ្នកមានសិទ្ធិលុបចោល ប្រសិនបើឪពុកម្តាយរបស់កុមារ A មិនចង់ឱ្យទិញទូរសព័្ទនោះ ពួកគាត់អាចបង្ហាញ ឆន្ទៈលុបចោលកិច្ចសន្យាលក់ទិញចំពោះម្ចាស់ហាងលក់ទូរស័ព្ទបាន។ ក្នុងករណីមានការលុបចោលកិច្ចសន្យានោះត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង (គ្មានកិច្ចសន្យា) ហេតុនេះកុមារ A ត្រូវប្រគល់ទូរស័ព្ទឱ្យអ្នកលក់វិញ ហើយអ្នកលក់ត្រូវប្រគល់ប្រាក់ថ្លៃលក់ទិញឱ្យកុមារ A វិញ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានសិទ្ធិលុបចោល មិនបង្ហាញឆន្ទៈលុបចោលទេ កិច្ចសន្យាលក់ទិញនោះ មានសុពលភាព ទោះបីជាភាគីនៃកិច្ចសន្យា ជាអនីតិជនក៏ដោយ។

យ៉ាងណាមិញ ចំពោះសកម្មភាពមួយចំនួន អនីតិជនអាចធ្វើបានដោយពុំចាំបាច់មានការយល់ព្រមពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនឡើយ មានន័យថា អនីតិជនមិនត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាពទាំងនោះទេ ទោះបីជាធ្វើដោយពុំទទួលបានការយល់ព្រមពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនក៏ដោយ ក៏មិនក្លាយជាមូលហេតុនៃការលុបចោលដែរ (មិនអាចលុបចោលបាន)។

សកម្មភាពដែលពុំចាំបាច់ទទួលការយល់ព្រម មានដូចជា៖

១៖ សកម្មភាពទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ឧទាហរណ៍៖ ការទិញនំចំណី សំលៀកបំពាក់ ជាអាទិ៍។

២៖ សកម្មភាពដែលទទួលបានសិទ្ធិ ឧទាហរណ៍៖ កុមារ A អាយុ ៥ ឆ្នាំ បានទទួលអំណោយ ជាប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកពីជីដូនជាអាទិ៍។

៣៖ សកម្មភាពឱ្យរួចផុតពីកាតព្វកិច្ច ឧទាហរណ៍៖ កុមារ B អាយុ ១៦ ឆ្នាំ បានយកម៉ូតូ ទៅផ្ញើនៅកន្លែងផ្ញើម៉ូតូនៃសាលារៀនរបស់ខ្លួន ដោយបង់ប្រាក់ចំនួន ២០ ដុល្លារអាមេរិកក្នុងមួយខែ អ្នកទទួលបញ្ញើ បានប្រាប់ថា ថ្លៃចំណតសម្រាប់ខែមុន មិនចាំបាច់បង់ទេ។

៤៖ សកម្មភាពចាត់ចែងទ្រព្យសម្បត្តិ ដោយទទួលការអនុញ្ញាតពីឪពុកម្តាយ ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន ឧទាហរណ៍៖ កុមារ C បានទទួលប្រាក់ពីឪពុកម្តាយចំនួន ២.០០០ ដុល្លារអាមេរិក ដើម្បីទិញ Computer មួយគ្រឿង ឬឪពុកម្តាយឱ្យប្រាក់ចំនួន ១០០ ដុល្លារអាមេរិកហើយប្រាប់ថាចង់ទិញអ្វីក៏បានតាមចិត្តរបស់កុមារ C។

៥៖ ការប្រកបអាជីវកម្មដោយទទួលបានការអនុញ្ញាត ឧទាហរណ៍៖ កុមារ D អាយុ ១៦ ឆ្នាំ បានបើកអាជីវកម្មលក់សំលៀកបំពាក់តាមអនឡាញ ដោយទទួលការអនុញ្ញាតពីឪពុកម្តាយ៕

រៀបរៀងដោយ៖ លោកមេធាវី ខៀវ សិន ជាសមាជិកវិភាគទានច្បាប់