(ភ្នំពេញ)៖ ក្រុមហ៊ុន កង់ និងម៉ូតូ អគ្គិសនី Aima «Experience Center» ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការ នៅលើទីផ្សារកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានការបង្ហាញ ផលិតផលដ៏សម្បូរបែប បទពិសោធន៍បើកបរសាកល្បង និងការសម្តែងរបាំដ៏អស្ចារ្យ។

ភ្ញៀវដែលចូលរួមក្នុងពិធីនេះ រួមមាន៖ នាយកប្រតិបត្តិជាន់ខ្ពស់ នៃក្រុមហ៊ុន Aima Group, ភ្នាក់ងារកម្ពុជា JIN PENG NEW ENERGY CAMBODIAN CO,LTD, តំណាងរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជករ និងប្រព័ន្ធផ្សព្វផ្សាយនានា។ ការប្រារព្ធពិធីនេះ មិនត្រឹមតែបង្កើនការយល់ដឹង អំពីផលិតផលរបស់ Aima នៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្ត របស់អ្នកប្រើប្រាស់ Aima ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងឧស្សាហកម្មយានជំនិះអគ្គិសនីរបស់ប្រទេសចិន ក្រុមហ៊ុន កង់ និងម៉ូតូអគ្គីសនីម៉ាក Aima បានប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់ នូវដំណោះស្រាយ ការធ្វើដំណើរពណ៌បៃតង មិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំចៃខ្ពស់។

កង់ និងម៉ូតូអគ្គិសនី Aima ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ គឺជាម៉ាកឈានមុខគេមួយ នៅក្នុងឧស្សាហកម្មយានជំនិះអគ្គិសនី របស់ប្រទេសចិន។ បន្ទាប់ពីការអភិវឌ្ឍន៍រយៈពេល២៣ឆ្នាំ ក្រុមហ៊ុនបានបង្កើតឡើង នូវមូលដ្ឋានផលិតកម្មធំៗចំនួន ១១ ដែលមានទីក្រុង ធាន ជីន Tianjin និង ជាំង ស៊ូ Jiangsu ជាទីស្នាក់ការកណ្តាល។

ផលិតផលនេះ បានចាប់ផ្តើមចូល ទៅក្នុងទីផ្សារអន្តរជាតិក្នុងឆ្នាំ២០១៥ ហើយបានផ្លាស់ប្តូរបន្តិចម្តងៗ ពីប្រតិបត្តិការប្រភេទតែមួយ និងប្រទេសតែមួយ ទៅជាប្រតិបត្តិការពហុប្រភេទ និងសម្រាប់ទូទាំង ពិភពលោក។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងរៀបចំសាងសង់រោងចក្រ នៅប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដើម្បីកសាងទីផ្សារអាស៊ាន ឲ្យក្លាយជាស្ពានសម្រាប់ម៉ាកយីហោទៅក្រៅប្រទេស។

នៅឆ្នាំ២០២៣ ក្រុមហ៊ុន Aima Group ទើបតែបានបញ្ចេញនូវបច្ចេកវិទ្យាជំនាន់ទី ៥ ជាថាមពលស្នូល Aima ដែលដឹកនាំការកែប្រែបច្ចេកវិទ្យា និងការធ្វើឲ្យប្រសើរឡើង នៃឧស្សាហកម្មផលិតផលពណ៌បៃតង បច្ចេកទេសចុងក្រោយរបស់ផលិតផល អាយម៉ា បាននាំមកនូវកំលាំងថ្មឬអាគុយ ដែលអាចឲ្យអ្នកធ្វើដំណើរ បានរហូតដល់២០០គីឡូម៉ែត្រ ដោយពុំចាំបាច់សាកថ្ម ឬសាកអាគុយ។

ជាមួយនឹងកម្លាំងបច្ចេកទេសដ៏រឹងមាំ គុណភាពផលិតផលល្អឥតខ្ចោះ និងសេវាកម្មបន្ទាប់ពីការលក់ដ៏យកចិត្តទុកដាក់ យានជំនិះអគ្គិសនី អាយម៉ា ទទួលបានលទ្ធផលដ៏ជាទីគាប់ចិត្តនៅក្នុងទីផ្សារពិភពលោក។

កង់ និងម៉ូតូអគ្គិសនី Aima ប្រើប្រាស់បច្ចេកវិជ្ជាទំនើបចុងក្រោយជំនាន់ទី៥ ដែលមានគ្មានការបំភាយឧស្ម័ន សំលេងរំខាន និងថាមពលអាគុយបានយូរ វាអាចកាត់បន្ថយការបំភាយឧស្ម័ន និងការរំខានដោយសំលេង យ៉ាងមានប្រសិទ្ធភាព ព្រមទាំងរួមចំណែក ដល់ការកសាងប្រព័ន្ធដឹកជញ្ជូនបៃតងរបស់កម្ពុជាទៀតផង។

គូសបញ្ជាក់ថា ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Aima Group ក្នុងឆ្នាំ២០២២ គឺ២.៩ពាន់លានដុល្លារអាមេរិក ជាមួយនឹងការលក់១០.៧៧ លានគ្រឿង និងហាងលក់រាយលើសពី ៣០,០០០ កន្លែង និងត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ជាង៣០ នៅអឺរ៉ុប អាស៊ីអាគ្នេយ៍ និងអាមេរិក។

ក្រុមហ៊ុនមានបុគ្គលិកច្រើនជាង ១០,០០០នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២២ ការលក់យានជំនិះអគ្គិសនី ទូទាំងពិភពលោករបស់ អាយម៉ា មានលើសពី ៦០ លានគ្រឿង ហើយម៉ាក Aima បានជាប់ចំណាត់ ថ្នាក់លេខ១ នៅក្នុងចំណាត់ថ្នាក់ម៉ាកយីហោ China Brand Power Index-Electric Bicycle Brand Ranking ដែលចេញផ្សាយដោយ China Brand អស់រយៈពេល១១ឆ្នាំជាប់ៗគ្នា៕