(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ពាក់កណ្ដាលម៉ារ៉ាតុង លើកទី៨ លើភ្នំបូកគោ បានបញ្ចប់ដោយជោគជ័យ ក្នុងដំណើរការរៀបចំ ២ថ្ងៃ នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាច្រើនចូលរួម ខណៈអ្នកចូលរួមរត់បានសម្ដែងការសប្បាយចិត្ត និងចាត់ទុកកម្មវិធីសប្បុរសធម៌នេះ បានរួមចំណែកយ៉ាងសំខាន់សម្រាប់សង្គម និងលើកម្ពស់សុខភាពប្រជាពលរដ្ឋ។

លោក នេត ពិសិដ្ឋ បុគ្គលិកធនាគារ និងជាកីឡាកររត់ចម្ងាយ ២១គីឡូម៉ែត្រ បានសម្ដែងនូវក្ដីរីករាយ បន្ទាប់ពីរត់ដល់ទីដោយសុវត្ថិភាព។ លោកថា រាល់ដងខ្លួនរត់ត្រឹម ៥ ឬ ១០គីឡូម៉ែត្រ តែដល់រត់ ២១គីឡូម៉ែត្រ គឺកាន់តែប្លែក និងអស្ចារ្យ ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើកំពូលភ្នំបូកគោ។ ហេតុនេះ លោកពិតជាពេញចិត្ត ហើយសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកបំផុសគោលដៅទេសចរណ៍ ក៏ដូចជាជំរុញអ្នកចូលរួមកាន់តែច្រើន។

កីឡាករ ដែលចូលរួមជាមួយក្រុមការងារប្រមាណ ១០០នាក់រូបនេះ បន្ថែមថា «ក្រៅពីបំផុសគោលដៅទេសចរណ៍ និងរួមចំណែកការងារមនុស្សធម៌ ព្រឹត្តិការណ៍នេះ ពិតជាសំខាន់ធ្វើឲ្យប្រជាពលរដ្ឋងាកមកគិតសុខភាព ព្រោះសុខភាព សំខាន់ជាងអ្វីៗទាំងអស់។ រត់ម៉ារ៉ាតុង មួយរយៈចុងក្រោយនេះ មានចំណាប់អារម្មណ៍ច្រើន ផ្ទុយពីមុន ប្រជាពលរដ្ឋអត់សូវចាប់អារម្មណ៍។ អ៊ីចឹងម៉ារ៉ាតុង មានសារៈសំខាន់ច្រើន និងជួយដល់សុខភាពថែមទៀត»

គួរដឹងថា កម្មវិធីសប្បុរសធម៌ខាងលើ ត្រូវបានឲ្យឈ្មោះថា «ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ម៉ាតុង សម្រាប់មន្ទីរពេទ្យកុមារ គន្ធបុប្ឋា» ដែលផ្ដួចផ្ដើមគំនិតរៀបចំឡើងដោយអ្នកឧកញ៉ា សុខ គង់ តាំងពីឆ្នាំ២០១៣ ដែលរៀបចំឡើងក្នុងគោលបំណងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះ បានទទួលការអបអរសាទរ និងចូលរួមកាន់តែច្រើនឡើង ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសមួយចំនួនផងដែរ។

ជាក់ស្ដែងសម្រាប់ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ពាក់កណ្ដាលម៉ារ៉ាតុង លើកទី៨ ឆ្នាំនេះ មានអ្នកចូលរួមសរុប ៨៩៧នាក់ ក្នុងនោះអ្នកចូលរួមរត់ប្រណាំងចំនួន ៧៣៥នាក់ និងអ្នកចូលរួមប្រណាំងកង់ចំនួន ១៦២នាក់។ សម្រាប់កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង គឺមានរត់ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់បែបកម្សាន្ត ៣គីឡូម៉ែត្រ។ រីឯការប្រណាំងកង់ មានចម្ងាយ ៣២គីឡូម៉ែត្រ ដែលរៀបចំនៅលើកំពូលភ្នំបូកគោផ្ទាល់តែម្ដង៕