(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ការប្រកួតជើងទី១ នៃលីគកំពូលកម្ពុជា (CPL) រដូវកាលឆ្នាំ២០២៣/២៤ ដោយរក្សាកំណត់ត្រាឈ្នះទាំង ៩ប្រកួត បន្ទាប់ពីបន្ដយកឈ្នះក្រុមខ្លាំងបឹងកេត ៣-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃទី២៨ ខែតុលាម្សិលមិញ។

ជំនួបសប្ដាហ៍ទី៩ នេះ ព្រះខ័នរាជស្វាយរៀង បាននាំមុខក្រុមនាគខៀវ ១គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយកីឡាករ Gabriel Silva Costa នៅនាទី៣២ មុនក្រុមមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ បន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ដោយកីឡាករ Marcus Haber នៅនាទី៤៨ និងមិត្តរួមក្រុម Iago Bento Fernandes នៅនាទី៩០+៥។ ចំណែកការព្យាយាមរបស់បឹងកេត វាយបកបាន ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ ណុប ដេវីត នៅនាទី៧០។

តាមរយៈជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមតែមួយគត់ ដែលមិនចាញ់ ឬស្មើ ក្នុងជើងទី១ នៃលីគកំពូលកម្ពុជា ពោលគឺឈ្នះ ៩ប្រកួតជាប់គ្នា និងរកបាន ២៧ពិន្ទុពេញ ឈរកំពូលតារាងបណ្ដោះអាសន្ន គ្រាដែលបឹងកេត បានបន្ដឈរលេខ៤ ដោយមាន ១៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់ ៤ប្រកួត។ ចំណែកគូប្រកួតបញ្ចប់ជើងទី១ ចំនួន ៤គូទៀត នឹងត្រូវធ្វើការប្រកួតល្ងាចនេះ៕